លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដាក់ទិសដៅក្តៅ៖ ពង្រឹងផ្ទៃក្នុង និងបើកយុទ្ធនាការកម្ចាត់ "ស្គេមអនឡាញ" ក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--ត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្រោយការប្រកាសចូលកាន់តំណែងជាផ្លូវការ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការថ្មីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញមហិច្ឆតាយ៉ាងមុតមាំក្នុងការសម្អាតបទល្មើស និងពង្រឹងសណ្តាប់ធ្នាប់សង្គម ដោយផ្តោតជាសំខាន់លើការបង្ក្រាប "បទល្មើសបច្ចេកវិទ្យា ឬស្គេមអនឡាញ" ដែលជាបញ្ហាប្រឈមដ៏ធំនាពេលបច្ចុប្បន្ន។

នៅក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទជាលើកដំបូង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំ (ក) លោកស្នងការបានបញ្ជាក់យ៉ាងច្បាស់ថា "សាមគ្គីភាពផ្ទៃក្នុង" គឺជាគ្រឹះមិនអាចខ្វះបាន។ លោកបានជំរុញឱ្យស្នងការរង នាយការិយាល័យជំនាញទាំង ៣១ ព្រមទាំងអធិការក្រុង-ស្រុក និងមេបញ្ជាការវរសេនាតូចការពារព្រំដែន ត្រូវចងបាច់គ្នាតែមួយ ដើម្បីប្រសិទ្ធភាពការងារ។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតក្នុងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ គឺការផ្តោតមុខសញ្ញាទៅលើបទល្មើសបច្ចេកវិទ្យា។ ក្នុងបរិបទដែលខេត្តបន្ទាយមានជ័យ ជាខេត្តជាប់ព្រំដែន និងមានសកម្មភាពសេដ្ឋកិច្ចមមាញឹក លោកបានដាក់ចេញនូវវិធានការណ៍ ពង្រឹងការស្រាវជ្រាវ និងបង្ការ តាមដានរាល់សកម្មភាពសង្ស័យដែលពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។

ការបង្ក្រាបដោយគ្មានការលើកលែង ប្រើប្រាស់ធ្នាប់ដៃជំនាញ ដើម្បីលុបបំបាត់សម្បុកក្រុមស្គេម (Scams) ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។
សេវាសាធារណៈបង្កើនទំនុកចិត្តតាមរយៈការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
"យើងត្រូវតែដើរឱ្យទាន់បច្ចេកវិទ្យា ដើម្បីការពារប្រជាពលរដ្ឋយើងពីការបោកប្រាស់។ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម គឺជាអាទិភាពខ្ពស់បំផុតដែលយើងមិនអាចធ្វេសប្រហែសបានឡើយ" នេះជា ប្រសាសន៍បន្ថែមលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ។
កិច្ចប្រជុំនេះមានការចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ស្នងការរង និងនាយការិយាល័យជំនាញទាំង ៣១ អធិការនគរបាលក្រុង-ស្រុកទាំង ៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ៤។
ការជួបជុំកម្លាំងដ៏ធំនេះ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតាមទិសដៅថ្មីរបស់លោកស្នងការ ដើម្បីប្រែក្លាយខេត្តបន្ទាយមានជ័យ ឱ្យក្លាយជាតំបន់ដែលមានសុវត្ថិភាពខ្ពស់ គ្មានបទល្មើសស្គេមអនឡាញ និងមានសណ្តាប់ធ្នាប់ល្អប្រសើរសម្រាប់ជាតិ និងប្រជាជន៕
ដោយ៖ ឈុន សារ៉ាត





