មន្ទីរពេទ្យភ្នែកខេត្តតាកែវ ប្រារព្ធទិវាទឹកដក់ក្នុងភ្នែកពិភពលោកឆ្នាំ2026 ក្រោមប្រធានបទ"រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក"
AKPតាកែវ ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៦--មន្ទីរពេទ្យភ្នែកខេត្តតាកែវ ប្រារព្ធទិវាទឹកដក់ក្នុងភ្នែកពិភពលោកឆ្នាំ2026 ក្រោមប្រធានបទ"រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក"។ពិធីនេះប្រារព្ធឡើងនៅក្នុងបរិវេណមន្ទីរពេទ្យភ្នែកខេត្តតាកែវ ស្ថិតនៅក្នុងសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២៦។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក លោកស្រី ឡុង បូណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោកអភិបាល គីគេ ហ្វីហ្គារីដូ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការការីតាសកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរដ្ឋបាលខេត្តតាកែវ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលខេត្តតាកែវ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមន្ទីរពេទ្យភ្នែកខេត្តតាកែវ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក បានមានប្រសាសន៍ថា ការរៀបចំទិវានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យបានកាន់តែទូលំទូលាយនូវប្រធានបទ "រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក"។

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ក៏បានសម្ដែងនូវមោទនភាពដែលមន្ទីរពេទ្យភ្នែកខេត្តតាកែវ បានក្លាយជាទីបង្អែកដ៏ទុកចិត្ត សម្រាប់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកពិគ្រោះនិងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ក៏ដូចជាការមកពិនិត្យនិងព្យាបាលជំងឺភ្នែកផ្សេងៗទៀតផងដែរ។

ឯកឧត្តមសាស្ត្រាវេជ្ជបណ្ឌិត ងី ម៉េង ក៏បានគូសបញ្ជាក់ផងដែរថា សម្រាប់មន្ទីរពេទ្យភ្នែកខេត្តតាកែវយើងនេះ ក៏មានគ្រូពេទ្យជំនាញច្បាស់លាស់ និងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនអ្នកជំងឺថែមទៀតផង។
ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានអាការៈមិនប្រក្រតីឬឈឺភ្នែក សូមអញ្ជើញមកពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យភ្នែកខេត្តតាកែវដោយផ្ទាល់។ហើយការពិនិត្យភ្នែកឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការការពារភាពងងឹត ព្រោះសុខភាពភ្នែកគឺជាទ្រព្យសម្បត្តិ ដ៏មានតម្លៃបំផុតសម្រាប់មនុស្សម្នាក់ៗ៕
ដោយ៖ អ៊ុច សៀង





