រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រៀមរៀបចំការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរខាងមុខនេះ
AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំការពារសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរខាងមុខ កិច្ចប្រជុំនេះធ្វើនៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងអភិបាលក្រុង ស្រុក ជុំវិញខេត្តផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា បុណ្យប្រពៃណីជាតិផ្ដោតសំខាន់ លើការងារការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ ជាប្រចាំដើម្បីអោយ មានរបៀបរៀបរយល្អប្រសើរ ខណៈពេលចាប់ពីថ្ងៃនេះតទៅរហូត ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរគឺបងប្អូនប្រជាពលរដ្ឋដែលនៅស្រុកឆ្ងាយបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួន។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជាមួយសមត្ថកិច្ចត្រូវរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ទន្ទឹមនឹងនេះឯកឧត្តមបានមានប្រសាសន៍ថា មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត រដ្ឋបាលខេត្តនិងរៀបចំធ្វើសង្រ្កានឆ្នាំថ្មី នៅបរិវេនសាលាខេត្តដែលជាបេះដូងរបស់ខេត្ត ហើយដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ និងលំហែកាយ។ដូច្នេះហើយសូមអោយថ្នាក់ដឹនាំក្រុងស្រុកមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវត្រៀមរៀបចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួនមកដាក់តាំងនៅបវិវេណសាលាខេត្តដើម្បីចូលរួមអបអរសង្រ្កានឆ្នាំថ្មី។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញដល់អាជ្ញាធរក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈអោយបានស្អាតល្អនិងសហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យចូលឆ្នាំ។ ត្រូវរៀបចំកន្លែងដុតទៀន ធូក អោយនៅឆ្ងាយពីទំនិញ ដែលកំពុងដាក់តាំងលក់ដូរនៅតាមតូប ឬស្តង់ផ្សេងៗ។

ត្រូវម្ចាស់ការពន្លត់ ភ្លើងទៀន ធូក ចង្រ្កាន និង បិទប៉ារ៉ែត ឬ ឌីហ្សង់ទ័រអគ្គិសនីអោយបានត្រឹមត្រូវមុន និងចាកចេញទៅកាន់ លំនៅដ្ឋានវិញរៀងៗខ្លួន ធ្វើអនាម័យ នៅខាងក្រោយ និង ខាងមុខតូប ឬ ស្តង់របស់ខ្លួនព្រមទាំង វេចខ្ចប់បែងចែកសំរាមស្ងួត សំរាមសើម អោយបានត្រឹមត្រូវតាមការកំណត់របស់គណៈកម្មការគ្រប់គ្រងពិធីបុណ្យ ផងដែរ៕
ដោយ៖ បៃ ស៊ីថុន





