អភិបាលស្រុកត្រាំកក់ ចុះជួបសំណេះសំណាលអប់រំផ្សព្វផ្សាយដោយផ្ទាល់ អំពីច្បាប់និងសុវត្ថិភាពសង្គម ដល់ប្អូនៗក្មួយៗ សិស្សានុសិស្ស វិទ្យាល័យអង្គរកា
AKP តាកែវថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ដល់យុវជន លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រាំកក់ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល អប់រំផ្សព្វផ្សាយដោយផ្ទាល់ អំពីច្បាប់និងសុវត្ថិភាពសង្គម ដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សវិទ្យាល័យអង្គរកា។ពិធីនេះរៀបចំឡើងនៅវិទ្យាល័យអង្គរកា ស្ថិតនៅក្នុងឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានលើកឡើងនូវ ចំណុចសំខាន់ៗដែលតម្រូវឲ្យ ប្អូនៗ កូន ក្មួយអនុវត្តន៍ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជាទំពាំងស្នងឫស្សីដែលមានគុណភាព និងសមត្ថភាពខ្ពស់។ហើយក៏បានសម្ដែងនូវការកោតសរសើរ ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ។ហើយត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អក្នុងសង្គម ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត។

លោក កេត ម៉ៅ បានមានប្រសាសន៍បន្តថា ការអប់រំផ្សព្វផ្សាយនូវច្បាប់ចររាចរណ៍ផ្លូវគោក ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹងបន្ថែម ស្តីពីសុវត្ថិភាពចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសក្មួយៗសិស្សានុសិស្ស ដែលស្ថិតក្នុងវ័យប្រើប្រាស់កង់ឬម៉ូតូ ជាមធ្យោបាយធ្វើដំណើរ និងជាជនងាយរងគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ ក៏ដូចជាការពញ្ញាក់ស្មារតីឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន។

លោក អភិបាលស្រុកត្រាំកក់ ក៏បានសង្កត់ធ្ងន់ថា រីឯបញ្ហាគ្រឿងញៀនគឺជាបញ្ហារបស់យើងទាំងអស់គ្នា ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង។មិនត្រូវគិតថាកិច្ចការទាំងអស់នេះ គឺជាភារកិច្ចផ្តាច់មុខរបស់កម្លាំងមានសមត្ថកិច្ចតែម្នាក់ឯងនោះឡើយ។វាទាមទារឲ្យមានការចូលរួមពីគ្រប់បណ្តាភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ពិសេសប្អូនៗសិស្សានុសិស្សខ្លួនឯងតែម្តង។បញ្ហាគ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹងអាច បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពនិង អាយុជីវិត បំផ្លាញអនាគតយុវជននិងភាគីពាក់ព័ន្ធផងដែរ។ក្នុងចំណោមគ្រឿងញៀនគ្រប់ប្រភេទ ប្រភេទបារីអេឡិចត្រូនិក (E-Cigarette-Vape) ដែលវាកំពុងបញ្រ្ជាបខ្លួនយ៉ាងខ្លាំងក្នុងចំណោមសិស្សានុសិស្ស។វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឲ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ ។

លោក កេត ម៉ៅ បានមានប្រសាសន៍បន្ថែមថា បញ្ហាក្មេងទំនើងក្នុងសាលា ក្រុមការងារនៃគណៈបញ្ជាការឯកភាពស្រុក នឹងចុះកំណត់មុខសញ្ញាក្មេងទំនើងអោយបានច្បាស់លាស់ ការពារនិងជៀសវាងជនទាំងនោះបង្កផលប៉ះពាល់គ្រោះថ្នាក់ដល់អ្នកដ៏ទៃ។ត្រូវកោះហៅមកអប់រំណែនាំនិងពិនិត្យសារធាតុញៀន ព្រមទាំងអនុវត្តច្បាប់លើជននោះផងដែរ។ចំណែកអនាម័យបរិស្ថានត្រូវបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើ ក្នុងចំណោមកុមារ សិស្សានុសិស្ស និងយុវជន នៅតាមសាលារៀននិងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិតនិងឥរិយាបទរបស់កុមារនិងយុវជន៕
ដោយ៖អ៊ុច សៀង





