ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អំពាវនាវឱ្យប្រជាកសិករយកចិត្តទុកដាក់លើការដាំបន្លែសរីរាង
AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មជនបទនិងជាប្រធានគណកម្មាធិការជាតិជំរុញភូមិ១ផលិតផល១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកសិករសម្បទាននិកយកចិត្តទុកដាក់លើការដាំបន្លែសរីរាង នៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ (LASED lll) ស្ថិតនៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ បណ្តុះបណ្តាលមុខជំនាញបច្ចេកទេសថ្មីៗដល់កសិករ ផលិតករ ពីការជ្រើសរើសពូជ ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសតាមស្តង់ដារ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ជាពិសេសត្រូវរៀបចំសហគមន៍អភិវឌ្ឍន៍កសិកម្ម ជាទ្រង់ទ្រាយធំ ដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាល និងត្រូវបង្កើនគុណតម្លៃ និងនិរន្តរភាព បរិមាណផលិតផល ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដារក្នុងការប្រកួតប្រជែង ទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសកាត់បន្ថយ ការនាំចូលផលិត ផលពីប្រទេសជិតខាង។

ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍បន្តថា ការរៀបចំដាក់តាំងលក់បន្លែនៅលើទីផ្សារ ក្នុងគោលដៅ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយ កម្រិតជីវភាពរបស់ ប្រជាកសិករឱ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាព ក្នុងការបរិភោគបន្លែ ប្រចាំថ្ងៃ ព្រមទាំងទទួលបាននូវសុខភាពល្អ ខុសពីដំណាំពូជគ្រាប់ដែលអាចទុកបានរយៈពេលយូរជាងដំណាំបន្លែ។

ថ្លែងក្នុងបរិបទនេះឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានជម្រុញដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម ត្រូវសហការជាមួយ មន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្មខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូនានា ដើម្បីស្វែងរកទីផ្សារកសិផល ពង្រឹងគុណភាពទំនិញកសិកម្ម ការធ្វើទំនើបកម្ម បច្ចេកទេសកសិកម្ម ព្រមទាំងវិធានការបង្ការគ្រោះមហន្តរាយនៃជំងឺសត្វ ដំណាំស្រូវដំណាំរួមផ្សំ និងយន្តការដទៃទៀតផងដែរ៕

ដោយ៖ បៃ ស៊ីថុន





