រដ្ឋមន្រ្ដីសួងព័ត៌មានរំពឹងថា យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ នឹងជួយកាត់បន្ថយអក្ខរកម្មព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ លើកកម្ពស់គុណភាពព័ត៌មាន និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦…
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញក្ដីរំពឹងទុកថា តាមរយៈយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ នឹងជួយកាត់បន្ថយអក្ខរកម្មព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ លើកកម្ពស់គុណភាពព័ត៌មាន និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយក្នុងការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មាន។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះ ក្នុងពិធីបើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង នៃក្រសួងព័ត៌មានក្នុងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ បន្ទាប់ពីការអនុវត្តគម្រោងស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន ក្នុងដំណាក់កាលទី២នោះ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា៖ «តាមរយៈយុទ្ធនាការនេះ យើងរំពឹងថាវានឹងរួមចំណែកបង្កើនការយល់ដឹងដល់សាធារណជនទាំងនៅក្នុងប្រទេស ទាំងនៅក្នុងតំបន់ អំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ តាមរយៈសារជាសំឡេង និងសារជាអក្សរដែលបានបង្ហាញនៅក្នុងយុទ្ធនាការ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ និងគ្រប់មធ្យោបាយដែលមកពីប្រទេសក្នុងតំបន់ចូលរួម និងតាមរយៈវេទិកាពិភាក្សាស្តីពីការទប់ស្កាត់ការរីករាលនៃព័ត៌មានក្លែងក្លាយក្នុងប្រទេស និងឆ្លងដែន»។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា តាមរយៈយុទ្ធនាការនេះដែរ ក្រុមយុវជនស្ម័គ្រចិត្តក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងតំបន់ នឹងត្រូវបានបង្កើតឡើងដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ដូច្នេះ យុទ្ធនាការនេះ មិនត្រឹមតែបង្រៀនពលរដ្ឋម្នាក់ឱ្យស្គាល់ព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះគាត់ ឱ្យក្លាយជាភ្នាក់ងារទប់ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា គម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២» នេះ មានលក្ខណៈខុសប្លែកពី យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តន៍ចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក។ នៅដំណាក់កាលទី២នេះ យើងធ្វើជាលក្ខណៈតំបន់ ដោយមានការ អញ្ជើញចូលរួមពីប្រទេសឡាវ វៀតណាម និងភូមា រួមជាមួយនិងសាធារណរដ្ឋប្រជាមានិតចិន ដែល ជាប្រទេសម្ចាស់ជំនួយក្នុងការអនុវត្តគម្រោងនេះ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងផងដែរថា យុទ្ធនាការនេះក៏បន្ស៊ីទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និង សោតទស្សន៍ ឆ្នាំ២០២៥-២០២៦ របស់ក្រសួងព័ត៌មាន ដែលផ្តល់អាទិភាពចម្បងលើការរួមចំណែក ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ តាមរយៈការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន លម្ហ ព័ត៌មាន និងសន្តិសុខ ព័ត៌មាន និងការពង្រឹងការទូតព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកល សំដៅផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

តាមរបាយការណ៍របស់ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជានាយកគម្រោងបានឱ្យដឹងថា គម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ផ្តោតជាសំខាន់លើការពង្រឹង កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ គម្រោងនេះ បន្តពីគម្រោងស្តីពីការប្រឆាំង ព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការគម្រោង មេគង្គ-ឡានឆាង និងបានបិទបញ្ចប់ការអនុវត្តនៅឆ្នាំ២០២៤។ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា គម្រោង «ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន ដំណាក់កាលទី២ ដែលបានអនុវត្តន៍នៅឆ្នាំ២០២២ ដោយទទួលបានមូលនិធិប្រហែល ២២ម៉ឺនដុល្លារអាម៉េរិក។ គម្រោងនេះ មានរយៈពេល ៣ខែ និងនៅឆ្នាំ២០២៦នេះ គម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹង ប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ បន្ទាប់ពីការអនុវត្តគម្រោងស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ សម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)» ដែលទើបទទួលបាន
នៅឆ្នាំ២០២៥ ក្នុងទឹកប្រាក់ប្រហែល ២៧ម៉ឺនដុល្លារអាម៉េរិក ដែលនេះជាគម្រោងទី៦ របស់ក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា សម្រាប់គម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ព័ត៌មានបំភ្លៃ បន្ទាប់ពីការអនុវត្តគម្រោងស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)» ដែលក្រសួងព័ត៌មានទើបនឹងទទួលបាននៅចុងឆ្នាំ២០២៥ និងរៀបចំពិធី សម្ពោធការអនុវត្តគម្រោង នៅខណៈពេលនេះ នឹងអនុវត្តន៍រយៈពេល១ឆ្នាំ ដោយចាប់ផ្តើមពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៦។ ប៉ុន្តែដោយសារតែស្ថានភាពពេល វេលា គម្រោងនេះ ត្រូវបានពន្យារពេលបើកសម្ពោធមកដល់ខែមីនា ឆ្នាំ២០២៦នេះវិញ៕
ដោយ៖ មករា រូបថត៖ ខឹម សុវណ្ណារ៉ា





