រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ណែនាំដល់មន្ត្រីព័ត៌មាន នៅតាមរាជធានី ខេត្ដ បន្តពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំដល់ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរព័ត៌មានទូទាំងរាជធានី-ខេត្ត ឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យា និងសង្គម ព្រមទាំងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងក្នុងចេតនាបំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបានលើកឡើងថា មន្ត្រីព័ត៌មាន ត្រូវផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព ផ្សាយឱ្យបានឆាប់រហ័ស ស្របតាមការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយនាសម័យបច្ចុប្បន្ន ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រប់គ្រងព័ត៌មានមានប្រសិទ្ធភាព។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពពក្នុងកាដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមរាជធានី-ខេត្ត នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងព័ត៌មាន បានដាក់ចេញគោលនយោបាយជារួម គឺធ្វើទម្រង់លើមុខងាររបស់ក្រសួងដើម្បីធ្វើឱ្យក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលប្រកបដោយសកម្ម បុរេសកម្ម អន្តរសកម្ម និងប្រកបដោយប្រសិទ្ធភាព និងគុណភាព ដោយដាក់ចុះនូវយុទ្ធសាស្ត្រកំណែទម្រងរួមមានភាពជាអ្នកដឹកនាំ ការធ្វើទំនើបកម្ម និងរដ្ឋបាលទំនើបរបស់ក្រសួង ការពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ ការពង្រឹងការអនុវត្តច្បាប់ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងកិច្ចសហប្រតិបត្តិក្នុងភាពដៃដៃគូស្មើភាព និងស្មើសិទ្ធិ។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកទឹកចិត្តដល់ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីពង្រីកការទទួលព័ត៌មានពិត ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន ផ្តល់ប្រភពព័ត៌មានច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ៕

ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





