លោកជំទាវ វ៉ាន់ ចាន់ថូ អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦--
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារបច្ចេកទេសប្រជុំជាមួយមន្ទីរ និងចុះពិនិត្យទីតាំងជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាគម្រោងអនុវត្តក្រោមហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោកជំទាវអនុរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងលើអនុគម្រោងសំខាន់ៗចំនួន ២ រួមមាន៖ ទី១-សំណង់ក្បាលហុង ស្ថិតក្នុងក្រុងពោធិ៍សាត់ និងទី២-ប្រព័ន្ធធារាសាស្ត្រស្វាយអាត់ ស្ថិតក្នុងឃុំកោះជុំ ស្រុកកណ្តៀង។
លោកជំទាវ បានបញ្ជាក់ថា ការចុះពិនិត្យនេះមានគោលបំណងជំរុញការងារសិក្សាលម្អិត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងបទដ្ឋានបច្ចេកទេសឱ្យបានច្បាស់លាស់ មុននឹងឈានដល់ការចាប់ផ្ដើមដំណើរការសាងសង់នាពេលខាងមុខ។ ក្រោយពេលការសាងសង់បញ្ចប់ជាស្ថាពរ ហេដ្ឋារចនាសម្ព័ន្ធធនធានទឹកទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ផលិតកម្មកសិកម្មគ្រប់រដូវកាល ព្រមទាំងបង្កើនសមត្ថភាពទប់ស្កាត់ និងកាត់បន្ថយការជន់លិចក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ នារដូវវស្សាផងដែរ។

លោកជំទាវអនុរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេស និងទីប្រឹក្សាជាតិ-អន្តរជាតិ ត្រូវបន្តពន្លឿនការងារសិក្សា និងដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមគោលដៅ និងផែនការដែលបានគ្រោងទុក៕
ដោយ ពេជ្រ សំអឿន( ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម )





