គ្រួសារស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូន ស្រ្តីក្នុងវ័យបន្តពូជ និងចាស់ជរាងាយរងគ្រោះ ១១០នាក់ ទទួលបានអំណោយមនុស្សធម៌ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦--
លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អញ្ជើញជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូន និងចាស់ជរាងាយរងគ្រោះ សរុប ១១០នាក់ ក្នុងទិវាជាតិសុខភាព មាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” នៅស្រុកបូទូមសាគរ ខេត្តកោះកុងនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ។

លោកជំទាវ ឈី វ៉ា បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ"។
លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យខំថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត ប្រកបដោយសុខភាព និងសុខុមាលភាព ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច យ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព និងជួយដល់ការលើកកម្ពស់សុខភាពមាតា និងទារក ឱ្យកាន់តែប្រសើរឡើង។

សម្ភារផ្តល់ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនក្នុង ម្នាក់ៗទទួលបាន៖ អង្ករ២៥គក្រ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស កាដូរអនុស្សាវរីយ៍១កាដូរ ឃីតកូនង៉ែត១ សាប៊ូដុសខ្លួន១ដប សាប៊ូម្សៅ១កញ្ចប់ ព្រមទាំងថវិកា៦០,០០០រៀល ។គ្រួសារចាស់ជរាទទួលបាន៖អង្ករ២៥គក្រ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស មុង១ ព្រមទាំងថវិកា៦០,០០០រៀលដូចៗគ្នាផងដែរ ។ ដោយឡែកឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ឧបត្ថម្ភឃីតជូនស្ត្រីទើបសម្រាល និងពរពោះចំនួន៣០ឃីតផងដែរ ។
ជាមួយគ្នានោះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទូមសាគរក៍បានទទួលមូលនិធិពីភ្ញៀវកិត្តិយសសរុប ៣៥៥អង្គ/នាក់ ដែលនិមន្ត និងអញ្ជើញចូលរួមកម្មវិធីនេះជាប្រាក់រៀល គឺ១៩,៦៤០,០០០ រៀល និង ១៧១៥ ដុល្លារ ៕
ដោយ ពេជ្រ សំអឿន( ប្រភព៖កាកបាទក្រហមកម្ពុជា )





