អនុប្រធានទី២ ព្រឹទ្ធសភាដាក់ចេញនូវទស្សនទាន«ដំណោះស្រាយដោយខ្មែរ» ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ច និងអធិបតេយ្យជាតិ!
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ដើម្បីពង្រឹងភាពម្ចាស់ការលើសេដ្ឋកិច្ចជាតិក្នុងបរិបទនៃវិបត្តិសកល និងបញ្ហាប្រឈមក្នុងតំបន់ អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជាបានដាក់ចេញនូវទស្សនទាន «ដំណោះស្រាយដោយខ្មែរ» ដោយបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាគ្រឹះនៃវិបុលភាព។
ក្នុងពិធីបិទសិក្ខាសាលាស្តីពី "ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការរក្សាលំនឹងក្នុងកាលៈទេសៈនៃសង្រ្គាមឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា" នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាបានដាក់ចេញនូវទស្សនទាន«ដំណោះស្រាយដោយខ្មែរ» ដើម្បីពង្រឹងភាពម្ចាស់ការលើសេដ្ឋកិច្ចជាតិក្នុងបរិបទនៃវិបត្តិសកល និងបញ្ហាប្រឈមក្នុងតំបន់ដោយបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាគ្រឹះនៃវិបុលភាព ហើយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមគាំទ្រនូវការដោះស្រាយតាមផ្លូវច្បាប់ និងការចរចា ចៀសវាងការប្រើកម្លាំងយោធា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញយុទ្ធសាស្ត្រ «ខ្មែរដាំ ខ្មែរកែច្នៃ ខ្មែរហូប ខ្មែរលក់» ដោយចាត់ទុកស្ថានភាពបច្ចុប្បន្នជា «ឱកាសមាស» ក្នុងការលើកកម្ពស់ផលិតផល "Made in Cambodia" និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក (MSMEs) តាមរយៈបច្ចេកវិទ្យា AI និងរ៉ូបូទិក។


ដើម្បីសម្រេចចក្ខុវិស័យនេះ អនុប្រធានទី២ ព្រឹទ្ធសភា បានផ្តល់អនុសាសន៍ចំនួន៥ចំណុច៖
១.សូមពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក (MSMEs) តាមរយៈយន្តការហិរញ្ញវត្ថុ ពន្ធ និងបច្ចេកវិទ្យាកែច្នៃវេចខ្ចប់។
២.បង្កើនផលិតភាពប្រើប្រាស់ធនធានដីធ្លីឱ្យអស់លទ្ធភាព និងពង្រីកសម្ព័ន្ធភាពអាជីវកម្មជាមួយប្រទេសយុទ្ធសាស្រ្ត។
៣.វិនិយោគលើការស្រាវជ្រាវ ដោយការបង្កើនកញ្ចប់ថវិកាស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សា។
៤.រួមកម្លាំងស្ថាប័នអប់រំ ដោយជំរុញកិច្ចសហការរវាងសាលាដែលមានស្រាប់ ជាជាងបង្កើតថ្មីស្ទួនគ្នា។
៥.ពង្រឹងភាសាអង់គ្លេស ដោយជំរុញសមត្ថភាពភាសាដល់ប្រជាជនខ្មែរឱ្យបានខ្ពស់ (ប្រហែលហ្វីលីពីន) នៅឆ្នាំ២០៥០៕

ដោយ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





