ច្បាស់ហើយ! រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ
AKP ភ្នំពេញ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខណៈព្រឹត្ដិការណ៏បែបនេះរាល់ឆ្នាំធ្វើនៅតែខេត្ដសៀមរាប ។
ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះ ដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។


ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញតែងតែរៀបចំជារៀងរាល់ឆ្នាំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តែសម្រាប់ឆ្នាំ២០២៦នេះ ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា យើងនឹងរៀបចំព្រឹត្តិការណ៍នេះធំជាងឆ្នាំកន្លងទៅនៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសាខាងមុខនេះ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ ជាផ្នែកមួយ នៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦ ហើយព្រឹត្តិការណ៍នេះ ក៏មិនខុសពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣១ ធ្នូ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥នោះឡើយ គឺក្នុងគោលបំណងនាំមកនូវការជួបជុំគ្នា ទាំងប្រជាពលរដ្ឋក្នុង និងក្រៅស្រុក។ ជាមួយនឹងការផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូនក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹករលឹក និងវិលត្រឡប់មកលេងស្រុកកំណើតវិញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា៖ ការឈ្លានពានពីអ្នកជិតខាង ធ្វើឱ្យយើង មានស្មារតី សាមគ្គីភាពកាន់តែខ្លាំងឡើង។រិតតែឈ្លានពាន ខ្មែរកាន់តែរួបរួមគ្នា។សេដ្ឋកិច្ចយើងរីកចំរើន វិស័យការពារជាតិយើងកាន់តែរឹងមាំ កាន់តែខ្លាំង។
សូមបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍ដ៏ធំនេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះរួមមាន៖ ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ, ទី២ ផ្លូវថ្មើជើងចតុមុខ និងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗនោះគឺទី១ នៅសួនមុខ វត្តបទមវតី,ទី២ បាសាក់លែ នៅផ្លូវលេខ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥ ផ្លូវជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន៕

ដោយ សួស សំរិត





