រដ្ឋបាលព្រៃឈើប្រាប់ឱ្យម្ចាស់អគារសត្វត្រចៀកកាំមានវិធានការការពារនូវហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស និងមិនឱ្យចាក់សម្លេងឮហួសហេតុនាំរំខានដល់អ្នកដទៃ!
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- រដ្ឋបាលព្រៃឈើនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីណែនាំប្រាប់ដល់ម្ចាស់អគារចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ឱ្យថែរក្សាសត្វត្រចៀកកាំយ៉ាងណាដើម្បីការពារនូវហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោងដើម្បីទាក់ទាញសត្វត្រចៀកកាំនោះអាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។

បើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលព្រៃឈើ ដែលបានចេញកាលពីថ្ងៃទី៦ ខែមីនា ហើយបណ្តាញសារព័ត៌មានទើបតែទទួលបាន នៅរសៀលថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២៦នេះបានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬ អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ហេតុនេះម្ចាស់ទីតាំងដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវថែរក្សាសត្វត្រចៀកកាំ ដើម្បីធ្វើយ៉ាងណាការពារនូវហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោងដើម្បីទាក់ទាញសត្វត្រចៀកកាំអាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។

សេចក្តីជូនដំណឹងរបស់ដ្ឋបាលព្រៃឈើដដែលបានធ្វើការណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារទាំងអស់ ត្រូវអនុវត្តស្របតាមអនុក្រឹត្យ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យ ការបំពុលខ្យល់ និងការរំខានដោយសំឡេង ដែលក្នុងនេះដូចជាតំបន់ទីតាំងស្ងៀមស្ងាត់ជាដើម។

ជាមួយគ្នានេះ រដ្ឋបាលព្រៃឈើបានឱ្យអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ។ក្រៅពីនេះក៏ត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធដែលនៅជិតបំផុត៕
ដោយ មករា





