អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ការផ្ដល់ឯកសារអត្តសញ្ញាណកម្ម គឺជាការផ្ដល់ “ជីវិតទី២” ជូនពលរដ្ឋ!
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦--ការទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មិនមែនគ្រាន់តែជាការកាន់ក្រដាសមួយសន្លឹក ឬកាតមួយសន្លឹកនៅក្នុងដៃនោះទេ ប៉ុន្តែវាគឺជា «សំបុត្រអាទិភាព» ដែលបើកផ្លូវឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិរស់រាន និងអត្ថប្រយោជន៍ពេញលេញក្នុងសង្គម។

នៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារជំរុញការផ្តល់អត្តសញ្ញាណបណ្ណ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំបានបង្ហាញនូវទស្សនៈវិស័យថ្មីមួយដែលលើសពីការងាររដ្ឋបាលធម្មតា ដោយផ្ដោតសំខាន់លើការផ្ដល់ «ភាពកក់ក្ដៅ» ដល់ពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេស។ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាន អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងនូវពាក្យស្លោកយ៉ាងមានអត្ថន័យថា ការផ្ដល់ឯកសារអត្តសញ្ញាណកម្ម គឺជាការផ្ដល់ “ជីវិតទី២” ជូនពលរដ្ឋ។ ឯកឧត្តមបានពន្យល់ថា«បើគ្មានអត្តសញ្ញាណបណ្ណ ពលរដ្ឋម្នាក់ហាក់ដូចជាបាត់បង់ឱកាសក្នុងសង្គមទាំងស្រុង មិនថា ការបោះឆ្នោត ការព្យាបាលជំងឺ ឬការធ្វើប្រតិបត្តិការច្បាប់ផ្សេងៗនោះទេ។ ដូច្នេះក្រុមការងារត្រូវចុះឱ្យដល់ខ្នងផ្ទះ បើចាំបាច់ គឺមិនត្រូវអង្គុយរង់ចាំពលរដ្ឋមក រកយើងឡើយ»។

ដោយសារខេត្តបន្ទាយមានជ័យ ជាច្រកសេដ្ឋកិច្ច និងជាខេត្តជាប់ព្រំដែនដែលមានពលករឆ្លងកាត់ច្រើន លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ក្រុមការងារថ្មីនេះមានបេសកកម្មពិសេសគឺ «ដោះស្រាយបញ្ហាឱ្យពលករ»។ លោកបានបញ្ជាក់ថា បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ជារឿយៗតែងតែជួបការលំបាកក្នុងការបាត់បង់ ឬខ្វះខាតឯកសារ ដែលធ្វើឱ្យពួកគាត់ពិបាករកការងារធ្វើស្របច្បាប់នៅក្នុងស្រុក។
លោកអភិបាលរងបានរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ថា យើងត្រូវដករបាំងការិយាធិបតេយ្យចេញ។ ការបង្កើតក្រុមការងារនេះ គឺដើម្បីសម្របសម្រួលឱ្យពួកគាត់ទទួលបានឯកសារឆាប់រហ័សបំផុត ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់សិទ្ធិជាពលរដ្ឋ និងទទួលបានសេវាគាំពារសង្គមផ្សេងៗដោយគ្មានការរើសអើង។

យុទ្ធនាការនេះ មិនត្រឹមតែធ្វើឡើងនៅកម្រិតខេត្តប៉ុណ្ណោះទេ ប៉ុន្តែបានកៀរគរកម្លាំងសរុបតាំងពីអភិបាលក្រុង-ស្រុក រហូតដល់មេឃុំ ចៅសង្កាត់ និងនាយកប៉ុស្តិ៍នគរបាលទាំង ៦៧ ឃុំ-សង្កាត់។ នេះជាសញ្ញាបង្ហាញថា ខេត្តបន្ទាយមានជ័យកំពុងឈានទៅរកការធ្វើទំនើបកម្មសេវាសាធារណៈ ដែលយកប្រជាពលរដ្ឋជាស្នូល និងតម្លាភាពជាគោលការណ៍គ្រឹះ។
តាមរយៈសន្ទុះថ្មីនេះ រដ្ឋបាលខេត្តរំពឹងថា ភាពអសកម្ម និងភាពយឺតយ៉ាវក្នុងការទទួលបានអត្តសញ្ញាណបណ្ណនឹងត្រូវលុបបំបាត់ ហើយបងប្អូនពលករដែលវិលត្រឡប់មកវិញនឹងមានអារម្មណ៍កក់ក្ដៅក្នុងនាមជាម្ចាស់ស្រុក ដែលមានឯកសារសម្គាល់ខ្លួនត្រឹមត្រូវក្នុងការកសាងជីវភាពថ្មីនៅលើទឹកដីកំណើត៕
ដោយ ឈុន សារ៉ាត





