អាជ្ញាធរខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការសំអាតបរិស្ថាន
AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំងបានរៀបចំពិធីអបអរសាទរ ទិវាជាតិ ទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»ពិធីនេះបានប្រារព្ធនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសួនសម្តេចចៅហ្វាវាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តពង់ឆ្នាំង ដោយមានការចូលរួមពីមន្រ្តីរាជការ អាជ្ញាធរក្រុង សង្កាត់ កងកម្លាំងទាំងបីផ្នែក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោក នៃ ចារី បានលើកឡើងថា ការធ្វើអនាម័យសំអាតបរិស្ថានគឺយើងទាំងអស់គ្នាបង្ហាញគោលបំណងផ្សព្វផ្សាយ ទិវាជាតិទីក្រុងស្អាត និងបញ្ជា្របការយល់ដឹងអំពីសារៈសំខាន់នៃទីក្រុងស្អាត ជាពិសេសការបំផុសស្មារតី ដល់ ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យ និងសម្អាតបរិស្ថានក្នុង ក្រុងកំពង់ឆ្នាំង តាមបណ្តាមូលដ្ឋាននៅទូទាំងខេត្ត ឱ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រងនាពេលអនាគតសម្រាប់ខេត្តយើងទាំងមូលផងដែរ។

ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា បញ្ហាសំរាម យើងត្រូវធ្វើការអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យពួកគាត់ ចូលរួម ទាំងអស់គ្នា ដោយអប់រំពួកគាត់ នៅពេលដែលគាត់យកសំរាមបោះចោល នៅតាមដងផ្លូវ សាធារណៈ និងមានវិធានការ គឺធ្វើការផាកពិន័យ។ព្រោះខាងមន្ទីរបរិស្ថាន គេមានច្បាប់ផាកវិន័យចំពោះជនណា ដែលបោះចោលសំរាមនៅលើដងផ្លូវសាធារណៈ ក៏ប៉ុន្តែវិធានការផាកវិន័យ គឺមិនសូវទទួលបានលទ្ធផលជោគជ័យនោះទេ សំខាន់ការអប់រំផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចូលរួមសហការ ទើបទទួលបានជោគជ័យ ដើម្បីឱ្យទីក្រុងទេសចរណ៍ របស់យើងមានអនាម័យល្អស័ក្ដសម និងមានខ្យល់អាកាសបរិសុទ្ធ។

ការយល់ដឹងអំពីបរិស្ថានមិនត្រឹមតែកាកសំណល់ប៉ុណ្ណោះទេ ត្រូវសំអាតផ្លូវលំជុំវិញផ្ទះរបស់បងប្អូន គួរជួយចូលរួមរបស់ពលរដ្ឋដើម្បីថែរក្សាផ្លូវដែលមានគ្រលុកតូចៗ កុំចាំដល់ការរងខូចខាតធំ។ សំអាតព្រៃនិងស្មៅ និងរបស់ដែលមានដក់ទឹកបណ្ដាលឱ្យជាជម្រកមូស ធ្វើឱ្យយើងរងផលប៉ះពាល់នូវជម្ងឺគ្រុនចាញ់ ចម្លងមេរោគដោយសារមូសខ្លាខាំ។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា តាមរយៈយុទ្ធនាការ សំអាតបរិស្ថាន ជុំវិញផ្ទះនិងសម្រេចបាននូវយុទ្ធសាស្រ្តជាតិ លុបបំបាត់ជម្ងឺគ្រុនចាញ់នៅឆ្នាំខាងមុខជាក់ជាមិនខាន។ សូមផ្ដាំផ្ញើដល់បងប្អូន ដែលរស់នៅក្នុងតំបន់ប្រឈមមុខនឹងជម្ងឺ គ្រុនចាញ់ ក៏ដូចជាកន្លែងផ្សេងទៀត សូមមាតា បិតាយកចិត្តទុកដាក់ថែទាំសុខភាពខ្លួន ក៏ដូចជាក្រុមគ្រួសារ ចៀសឲ្យផុតពីជម្ងឺគ្រុនចាញ់ បើមានការសង្ស័យថាខ្លួនមានជម្ងីគ្រុនចាញ់ សូមមេត្តារួសរាន់ ទៅព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

យើងមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តរបស់យើងដែលរៀបចំឡើង ដោយអាជ្ញាធរខេត្ត មន្ទីរ សុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពក្នុងគោលបំណងដើម្បី ត្រៀម និងលុបបំបាត់ ជម្ងឺគ្រុនចាញ់ឱ្យអស់៕
ដោយ បៃ ស៊ីថុន





