ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ជួបជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរសរុបចំនួន៨៣នាក់ ដែលជាអង្គបោះឆ្នោត។

ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦នាពេលនេះ គឺដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ និងចែករំលែកនូវព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ស្តាប់ផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងការប្តេជ្ញាចិត្តអ្វីខ្លះ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលឃុំនីមួយៗបានដាក់ចេញកន្លងមក ផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពឱ្យកាន់តែល្អប្រសើរ ពិសេសសំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

លោកជំទាវបានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាឃុំ ត្រូវចូលរួមពិនិត្យ និងបន្តយកចិត្តទុកដាក់តាមដាន អនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់សមាជិកក្រុមប្រឹក្សាឃុំ ជាមួយនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ជាពិសេសខិតខំដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





