លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ស្ត្រីកម្ពុជាគឺជាកម្លាំងចលករដ៏រឹងមាំ ក្នុងសេដ្ឋកិច្ច និងសង្គមជាតិ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ថ្លែងក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងសាររំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងតួនាទីដ៏សំខាន់របស់ស្ត្រីកម្ពុជាដែលមិនត្រឹមតែជាអ្នកថែរក្សាសុភមង្គលក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករយ៉ាងរឹងមាំក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ។

លោកជំទាវបណ្ឌិតបានបង្ហាញនូវទិន្នន័យដ៏គួរឱ្យមោទនៈអំពីតួនាទីរបស់ស្ត្រីកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចដោយបញ្ជាក់ថា បច្ចុប្បន្នស្ត្រីកម្ពុជាចូលរួមក្នុងកម្លាំងពលកម្មចន្លោះពី៧៤% ដល់៧៨,៩% ខណៈម្ចាស់អាជីវកម្មនៅកម្ពុជាជាស្ត្រីមានពី៦១% ដល់៧០%។ តួលេខទាំងនេះសបញ្ជាក់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់ដល់ស្ត្រី តាមរយៈគោលនយោបាយបញ្ជ្រាបយេនឌ័រក្នុងគ្រប់វិស័យ ព្រោះការចូលរួមរបស់ស្ត្រីមិនត្រឹមតែជួយបង្កើនចំណូលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតមិនភ្លេចឡើយនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ស្ត្រីគ្រប់រូប ជាពិសេសភរិយា និងគ្រួសារកងកម្លាំងប្រដាប់អាវុធ ដែលបានឈរយ៉ាងរឹងមាំនៅពីក្រោយខ្នងដើម្បីសុខសន្តិភាពជាតិ។ លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីធានាបាននូវសេចក្តីសុខសម្រាប់គ្រួសារ និងចៀសផុតពីការព្រាត់ប្រាស់ដូចក្នុងអតីតកាល។

មិនតែប៉ុណ្ណោះ លោកជំទាវបណ្ឌិតបានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសយុវជន យុវនារី ឱ្យបន្តរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ដើម្បីបន្តកសាងកម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំ៕
ដោយ ទូច វលក្ខ័ណ





