ឯកឧត្តម ថោ ជេដ្ឋា ជំរុញឱ្យប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យថ្មី ពង្រឹងសាមគ្គីភាព និងត្រៀមលក្ខណៈអន្តរាគមន៍គ្រោះមហន្តរាយឱ្យទាន់ពេល
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ក្នុងស្មារតីលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងធនធានទឹក និងការត្រៀមលក្ខណៈឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីសហការខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ឡាយ សុទ្ធី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ (ជំនួសលោក យឹម ប៊ុនរ៉ុម ដែលត្រូវចូលនិវត្តន៍) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ដោយមានការអមដំណើរពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសង្កត់ធ្ងន់ថា ការតែងតាំងនាពេលនេះគឺជាការឆ្លុះបញ្ចាំងពីការជឿជាក់លើសមត្ថភាព និងស្នាដៃរបស់មន្ត្រី បន្តវេន។ ឯកឧត្តមបានក្រើនរម្លឹកដល់ប្រធានមន្ទីរថ្មីនូវចំណុចគន្លឹះត្រូវ រក្សានូវសុចរិតភាព និងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ។ បង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារបច្ចេកទេស និងការអន្តរាគមន៍គ្រោះធម្មជាតិ (ទឹកជំនន់ និងគ្រោះរាំងស្ងួត) ដែលអាចកើតឡើងជាយថាហេតុ។ ត្រូវតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកប្រធានមន្ទីរថ្មី និងបានកោតសរសើរដល់មន្ទីរធនធានទឹក ដែលកន្លងមកតែងតែជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងការដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រព។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា "ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមស្នើឱ្យលោកប្រធានមន្ទីរដែលទើបទទួលភារកិច្ចថ្មី ត្រូវបន្តសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរក្រុង-ស្រុក ក្នុងការចុះពិនិត្យ និងថែទាំប្រព័ន្ធធារាសាស្ត្រនានាក្នុងខេត្តឱ្យបានជាប់ជាប្រចាំ។ យើងត្រូវរួមគ្នាធ្វើការងារឱ្យដូចជាគ្រួសារតែមួយ ដើម្បីធានាថាប្រជាកសិកររបស់យើងមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានសុវត្ថិភាពពីគ្រោះថ្នាក់។

សូមបញ្ជាក់ថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៦០ អនក្រ.តត ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូនលោក ឡាយ សុទ្ធី អត្តលេខ ១៦៩១៧០០០២៦ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យដើម្បីបន្តដឹកនាំអង្គភាពជំនាញនេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជំនួសលោក យឹម ប៊ុនរ៉ុម ដែលបានចូលនិវត្តន៍៕
ដោយ ឈុន សារ៉ាត





