រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយម៉ាស៊ីនរាវមីនដ៏ទំនើបចំនួន៣០គ្រឿងមានតម្លៃជាង១លានដុល្លារដល់កម្ពុជា!
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- អង្គភាព CMAC នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទ Advanced Landmine Imaging System (ALIS)ចំនួន៣០គ្រឿង គិតជាថវិកាមានចំនួនជាង១លាន៣សែនដុល្លារអាម៉េរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រសកម្មភាពអង្គភាព CMAC បានអនុម័តតាំងពីដើមឆ្នាំ២០២៥ និងបានដំណើរការដេញថ្លៃទិញដែលសម្ភារៈបច្ចេកទេសខ្លះត្រូវចំណាយពេលវេលាប្រមាណពី១-២ឆ្នាំទើបអាចទទួលបាន។

សូមបញ្ជាក់ផងដែរថា ម៉ាស៊ីនរាវមីនប្រភេទALISនេះ ត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមបញ្ចូលគ្នារវាងប្រព័ន្ធស្រូបសារធាតុដែក និងប្រពន្ធ័រ៉ាដាកំណត់ចំណុចរូបភាព (a metal detector and Ground Penetrating Radar, GPR) ដោយសហការរវាងអង្គភាព CMAC និងសកលវិទ្យាល័យ TOHOKU ជប៉ុនដឹកនាំដោយលោកសាស្ត្រាចារ្យ Prof. Motoyuki Sato ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៥-០៦ ពោលមានរយ:ពេលជាង២០ឆ្នាំ ទើបសម្រាចបានជោគជ័យដ៍ថ្លៃថ្លាមួយនេះ។


ម៉ាស៊ីនរាវមីននេះ ប្រៀបដូចឧបករណ៍ស្គែនមើលរូបភាពក្រោមដី ដែលមានប្រយោជន៍បង្កើនសុវត្ថិភាព និងល្បឿននៃការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមកាន់តែមានប្រសិទ្ធភាពថែមទៀត៕

ដោយ៖ វាសនា (ប្រភព៖ CMAC)





