កម្ពុជានឹងរងឥទ្ធិពលព្យុះទី៣ឈ្មោះនូរី (Nuri) T2603 និងប៉ះពាល់នៅតាមបណ្ដាខេត្ដជាប់មាត់សមុទ្រ និងជួរភ្នំ ចាប់ពីថ្ងៃទី១២-១៤ ខែមីនា ២០២៦
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- កម្ពុជានឹងរងឥទ្ធិពលព្យុះទី៣ឈ្មោះនូរី (Nuri) T2603 និងប៉ះពាល់នៅតាមបណ្ដាខេត្ដជាប់មាត់សមុទ្រ និងជួរភ្នំ ចាប់ពីថ្ងៃទី១២-១៤ ខែមីនា ២០២៦។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៣ ឈ្មោះនូរី (Nuri) T2603។

ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ និងតាកែវ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ១០%។ ចំណែកខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ ២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ និងប៉ៃលិន អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី១០%។ ចំណែកខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។ ៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕
ដោយ សួស សំរិត





