ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា៖ «សូមប្រមាលមើលនូវចំណុចវិជ្ជមាន អវិជ្ជមាន ដើម្បីដឹងពីគោលដៅនៃការដើរឆ្ពោះទៅមុខ»
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «សូមប្រមាលមើលនូវចំណុចវិជ្ជមាន អវិជ្ជមាន ដើម្បីដឹងពីគោលដៅនៃការដើរឆ្ពោះទៅមុខ»។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញសុខាភិបាលឌីជីថល ដើម្បីជំរុញការអភិវឌ្ឍការងារសុខាភិបាលឌីជីថល ឱ្យកាន់តែមានភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបរិបទនៃការរីកចម្រើនជាសកល នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីចំណុចគន្លឹះ និងផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដើម្បីសម្រេចបាននូវបរិវត្តកម្មសុខាភិបាលឌីជីថលប្រកបដោយជោគជ័យ រួមមាន៖ ១) ការចូលរួម និងនវានុវត្តន៍៖ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីអ្នកជំនាញ ការអនុវត្តជាក់ស្តែង និងការចាប់យកកាលានុវត្តភាពថ្មីៗប្រកបដោយនវានុវត្តន៍ សំដៅបង្កើនប្រសិទ្ធភាព គុណភាព និងផលិតភាពការងារ។ ២) ការស្រាវជ្រាវ និងបច្ចុប្បន្នភាព៖ ត្រូវយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវពីស្ថាប័នជាតិ-អន្តរជាតិ និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធឌីជីថលជាប្រចាំ ដើម្បីបម្រើដល់ការលើកកម្ពស់សុខុមាលភាពប្រជាជន។ ៣) ចក្ខុវិស័យយុទ្ធសាស្រ្ត (រយៈពេលខ្លី និងវែង)៖ សង្កត់ធ្ងន់លើកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍ និងអភិបាលកិច្ច ដែលរួមមាន ការពង្រឹងធនធានមនុស្ស ការបំពាក់ឧបករណ៍សម្ភារចាំបាច់ និងការលើកកម្ពស់កិច្ចសហការជាមួយវិស័យឯកជន៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





