អភិបាលស្រុកត្រាំកក់ចែកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៩១៦បណ្ណជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងក្រញូង
AKP តាកែវ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- អភិបាលស្រុកត្រាំកក់បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីចំនួន៩១៦បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន១៦៥គ្រួសារ នៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយពិធីនេះរៀបចំឡើងនៅក្នុងភូមិត្រពាំងចក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់។

មានប្រសាសន៍សំណេះសំណាលក្នុងពេលនោះ លោក កេត ម៉ៅ បានមានប្រសាសន៍ថា បណ្ណសម្គាល់ម្ចាស់អចលនវត្ថុដែលបងប្អូនទទួលបាន គឺជាឯកសារគតិយុត្តដ៏មានសារៈសំខាន់បំផុត ដែលធានាដោយច្បាប់។ ដីដែលមានបណ្ណកម្មសិទ្ធិពិតប្រាកដ បញ្ចប់រាល់វិវាទដីធ្លីនិងការដណ្ដើមព្រំប្រទល់។ងាយស្រួលក្នុងការផ្ទេរសិទ្ធិ ការលក់ដូរឬដាក់បញ្ចាំ ដើម្បីយកទុនមកពង្រីកមុខរបរ។ដីដែលមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ តែងតែមានតម្លៃខ្ពស់និងរឹងមាំ នៅលើទីផ្សារអចលនទ្រព្យ។ ការផ្ដល់បណ្ណកម្មសិទ្ធិនេះ ក៏ជួយកាត់បន្ថយជម្លោះរឿងដីធ្លីបានមួយកម្រិតថែមទៀតដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងទាំងនោះ ត្រូវថែរក្សាការពាឱ្យបានល្អ ព្រោះធានាបាននូវភាពកក់ក្ដៅ សុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងចៀសវាងនូវការរំលោភបំពានលើដីធ្លីរបស់បងប្អូន។

លោក កេត ម៉ៅ ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងយកប្លង់កម្មសិទ្ធិទៅដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់មកបង្កើនមុខរបររបស់ខ្លួន ជៀសវាងមានបញ្ហានៅពេលសងត្រឡប់ទៅវិញ ព្រោះបណ្ណកម្មសិទ្ធិនេះគឺជាឯកសារដ៏មានសារៈសំខាន់ ជាឯកសារតំណាងឱ្យទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ជាឯកសារតំណាងឱ្យកម្មសិទ្ធិផ្ដាច់មុខរបស់បងប្អូន ហើយអាចបញ្ជៀសនូវរាល់ជម្លោះផ្នែកដីធ្លីបាន។

លោកអភិបាលស្រុកត្រាំកក់បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត-ស្រុក ជាពិសេសមន្ត្រីជំនាញសុរិយោដី ក្នុងការចុះវាស់វែងដីធ្លី ធ្វើបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅលើការគ្រប់គ្រងដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ យកទៅប្រើប្រាស់លើការប្រកបរបរអាជីវកម្មផ្សេងៗ តាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ៕

ដោយ អ៊ុច សៀង





