កម្មវិធីបាឋកថាស្តីពីវិទ្យាសាស្ត្រក្នុងការអភិវឌ្ឍខ្លួនឯងដល់សិស្ស និស្សិត និងសិស្សានុសិស្សនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអ្នកសិក្សាស្រាវជ្រាវភាពជាអ្នកដឹកនាំ និងការអប់រំលោក ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ អញ្ជើញដឹកនាំកម្មវិធីបាឋកថាស្តីពីវិទ្យាសាស្ត្រក្នុងការអភិវឌ្ឍខ្លួនឯងដល់សិស្ស និស្សិត និងសិស្សានុសិស្សប្រមាណជាង៣០០នាក់នៅសាលប្រជុំប្រាសាទសំបូរព្រៃគុកនៃវិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តកំពង់ធំកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកឡើងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០១ តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្រោមការឧបត្ថម្ភថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាន ឈ្មោះថាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ។ ពីដំបូងមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា រហូតមកដល់ឆ្នាំ២០០៥ មជ្ឈមណ្ឌលបានប្តូរមកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភាដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវការកាត់បន្ថយភាពក្រីក្រការអភិវឌ្ឍព្រមទាំងភាពសុខដុមរមនានិងសុភមង្គល ជូនប្រជាពលរដ្ឋកម្ពុជាហើយនៅថ្ងៃទី២៨ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យលេខ២៦អ.ន.ក្រ.បកបានប្រែក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ទៅជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីឱ្យអនាគតភ្លឺស្វាងអនាគតដែលមានភាពល្អប្រសើរ មានសង្ឃឹមនិងមានឱកាសរីកចម្រើនក្នុងជីវិត វាសំដៅទៅលើជីវិតដែលមានការអប់រំល្អ ការងារល្អ សុខភាពល្អ និងការរស់នៅដោយសុភមង្គល។ការសិក្សានិងការអប់រំការរៀនសូត្រយ៉ាងខិតខំជួយបង្កើនចំណេះដឹង និងបើកឱកាសការងារល្អនៅថ្ងៃអនាគត។ការខិតខំប្រឹងប្រែងមនុស្សដែលខិតខំធ្វើការ និងមិនបោះបង់ងាយៗ មានឱកាសជោគជ័យខ្ពស់។ មានគោលដៅក្នុងជីវិតកំណត់គោលដៅច្បាស់លាស់ជួយឱ្យយើងដឹងថាត្រូវដើរទិសណា។ សីលធម៌ និងអាកប្បកិរិយាល្អការគោរពអ្នកដទៃស្មោះត្រង់ និងទំនួលខុសត្រូវជួយបង្កើតជីវិតដែលមានតម្លៃថែរក្សាសុខភាពជាគ្រឹះសម្រាប់ការសិក្សាការងារនិងជីវិតល្អ។

ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង បានបង្ហាញពីគោលបំណងដល់សិស្សនិស្សិតនិងសិស្សានុសិស្សមានសមត្ថភាពប្រើប្រាជ្ញា ចិត្ត និងទេពកោសល្យ ដើម្បីអភិវឌ្ឍខ្លួនប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាព តាមរយៈវិធីសាស្រ្តវិទ្យាសាស្ត្រ(ភាពជាមនុស្ស ភាពជានិស្សិតនិងភាពជាអ្នកបន្តវេន)។ ដំណើរការអភិវឌ្ឍខ្លួនឯង គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់អភិវឌ្ឍឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននិងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងជាអ្នកសិក្សាស្រាវជ្រាវភាពជាអ្នកដឹកនាំ និងការអប់រំបានសំណូមពរដល់សិក្ខាកាមចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ពីមេរៀនដែលមានសារៈសំខាន់ដើម្បីបំភ្លឺយកចំណេះដឹង បទពិសោធន៍និងជំនាញមួយពិតប្រាកដទៅថ្ងៃអនាគតរបស់សិស្សនិស្សិតប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការអនុវត្តការងារ ដែលបានរៀបចំឬបានគ្រោងទុក ដើម្បីឱ្យការងារនោះសម្រេចបានលទ្ធផលល្អ។ វាជាការប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការធ្វើការងារ។
សារៈសំខាន់នៃការអនុវត្តការងារជួយឱ្យការងារសម្រេចបានជោគជ័យ ការអនុវត្តការងារយ៉ាងត្រឹមត្រូវធ្វើឱ្យគោលដៅដែលបានកំណត់អាចសម្រេចបាន។ បង្កើនបទពិសោធន៍ ពេលអនុវត្តការងារ យើងទទួលបានបទពិសោធន៍ថ្មីៗ និងជំនាញបន្ថែម។ បង្កើនទំនួលខុសត្រូវការអនុវត្តការងារជួយឱ្យមនុស្សមានវិន័យ និងទំនួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន អភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន វាជួយអភិវឌ្ឍគំនិត ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម៕
ដោយ ស៊ុម វណ្ណា





