ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ផ្ទះថ្មីអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនអតីតយុទ្ធជនពិការ នៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំអមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ និងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកនិងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់ស្វាយ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការីទៅប្រគល់ផ្ទះថ្មី០១ខ្នងដែលជាខ្នងទី៧៤ក្នុងស្រុកកំពង់ស្វាយ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការដែលមានដីតែមានជម្រកស្នាក់នៅមិនសមរម្យនៅភូមិព្រៃគុយ (ក) ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ចំរើន លឿង មានអាយុ៦៤ឆ្នាំ បានរៀបរាប់ថា លោកធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨០នៅអង្គភាពកងពលលេខ១២ចាស់ឈរជើងនៅជាំក្សាន្ត ខេត្តព្រះវិហារ មានឋានន្តរសក្ដិ នាយចំណង់ ហើយត្រូវទទួលរងរបួសដាច់ជើងស្ដាំ និងបាក់ដៃស្ដាំ ដោយសារជាន់គ្រាប់មីននៅក្នុងសមរភូមិព្រៃស្អាក ខេត្តព្រះវិហារកាលពីឆ្នាំ១៩៨៦ ក្រោយមកលោកត្រូវបានក្រសួងការពារជាតិវាយតម្លៃដាក់ឱ្យចូលជាយោធិនពិការនៅក្នុងឆ្នាំ១៩៨៧។ លោកនាយចំណង់ ចំរើន លឿង មានភរិយា ឈ្មោះ សៀង ល៉ាំ អាយុ៦១ឆ្នាំ មានជីវភាពលំបាកខ្វះខាតហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន៦នាក់នៅក្នុងបន្ទុក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីដែលទើបសាងសង់រួចនេះមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ សាងសង់ពីសសរបេតុងឆ្អឹងដែកដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ហើយកន្លងទៅនេះ នៅស្រុកកំពង់ស្វាយខេត្តកំពង់ធំបានសាងសង់ផ្ទះចំនួន៧៤ខ្នងជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក អ៊ុត វណ្ណរ៉ា បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀតដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនដល់លោកនាយចំណង់ ចំរើន លឿង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនិងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះផងដែរ។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់ស្វាយតំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជនពិការ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន១ខ្នងដែលជាខ្នងផ្ទះទី៧៤ នៅស្រុកកំពង់ស្វាយ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួនសម្រាប់ឡើងផ្ទះថ្មី ជូនដល់អតីតយុទ្ធជនពិការ នាពេលនេះ៕
ដោយ ស៊ុម វណ្ណា





