រដ្ឋបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យទីតាំងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន
AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជននៅដីសម្បទាសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែមីនា ២០២៦ អមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុំ សុខ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់គ្រួសារអតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនត្រូវចេះប្រុងប្រយត្ន័ការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗ និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ ដើម្បីជួយដល់ជីវភាពគ្រួសារ និងត្រូវចេះសាមគ្គីគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បានបន្តថាតាមរយៈសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនភាព។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុក ដាក់ចំពោះសុខទុក្ខប្រជាជនទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានជីវភាពក្រីក្រ។ ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានរៀបចំទីតាំងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រចំនួន១០០ខ្នងផ្ទះបន្ថែមទៀត។ ដីសម្បទានសង្គមកិច្ចដែលមានទំហំ៤០ម គុណ ៥០ម និងផ្ទះប៉ិតរចនាបថខ្មែរទំហំ ៦.៥ ម គុណ ៧.៣ ម ធ្វើពីសរសរបេតុងអាម៉េ ផ្នែកខាងក្រោម និងផ្នែកខាងលើក្រាលស្មាបត ជញ្ជាំងស្មាបត ប្រក់ក្បឿង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនក្រីក្រ។ ផ្ទះនេះនឹងសាងសង់តាមលក្ខណៈបច្ចេកទេសដែលមានភាពធន់នឹងគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) ។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុំ សុខ បានគូសបញ្ជាក់ទៀតថា ហេត្ថារចនាសម្ព័ន្ធកសាងសង់ផ្លូវ សាងសង់អណ្ដូង តម្លើងម៉ាស៊ីនចម្រុះទឹកស្អាតនិងដាក់បង្គោលភ្លើងសូឡាបន្ថែមទៀតសម្រាប់បម្រើជូនសេចក្ដីត្រូវការរបស់គ្រួសារអតីតយុទ្ធជនផងដែរ៕
ដោយ បៃ ស៊ីថុន





