មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរំពឹងថា ជណ្តើរត្រីនឹងបង្កើនផលិតភាពទិន្នផលត្រីដែលជួយប្រយោជន៍ ទាំងបរិស្ថាន និងសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ -- ហេដ្ឋារចនាសម្ព័ន្ធថ្មីជណ្តើរត្រីនៅស្ទឹងព្រែកត្នោតនៃខេត្តកំពង់ស្ពឺ នឹងបង្កើនផលិតភាពទិន្នផលត្រីពីមួយឆ្នាំទៅមួយឆ្នាំដែលជួយជាប្រយោជន៍ដល់បរិស្ថាន និងសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញនិងក្រុមការងារបច្ចេកទេសនៃប្រទេសប្រទេសអូស្ត្រាលី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជណ្តើរត្រី ចំណុចទំនប់តាអ៊ួន ស្ថិតនៅស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នានេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ថា សមិទ្ធផលជណ្តើរត្រីនេះ មានសំខាន់ក្នុងការជួយទ្រទ្រង់ដល់ការចរាចររបស់មច្ឆជាតិ ក្នុងស្ទឹងព្រែកត្នោត ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផលធម្មជាតិ។ លោកអភិបាលរងខេត្ដបានបន្ថែមថា ការសាងសង់ជណ្តើរត្រីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើនសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអភិបាលរងខេត្ដក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់ការសាងសង់សំណង់ដ៏មានសារៈសំខាន់នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងទៀតថា ជណ្តើរត្រីគឺជាសមិទ្ធផលថ្មីសន្លាងសម្រាប់ខេត្តកំពង់ស្ពឺ ដែលត្រូវសាងសង់ឡើងក្រោមជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្ត្រាលី។ ឯកឧត្ដមបានបន្ដថា ជណ្ដើរត្រីនេះ ជាសំណង់ដែលសង់ឡើងជួយសម្រួលដល់ការបម្លាស់ទីរបស់ត្រីប្រមាណជាង១០០ប្រភេទនៅរដូវត្រីពង និងចូលរួមអភិរក្សបង្កើនពូជត្រីផងដែរ។

មួយវិញទៀតជណ្ដើរត្រីនេះ នឹងក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា។ ដោយមើលឃើញពីអត្ថប្រយោជន៍ និងភាពសំខាន់ នៃជណ្ដើរត្រីនេះ ឯកឧត្ដមរដ្ឋលេខាធិការក៏បានអះអាងផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជាបាននិងកំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលនៅក្នុងតំបន់មេគង្គ។ ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា៖ «ការងារនេះ នឹងចូលរួមការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាធ្វើការជាមួយដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ ដើម្បីរក្សាសេវាប្រព័ន្ធអេកូឡូស៊ីទន្លេសម្រាប់ប្រទេសជាតិ»។
ឯកឧត្តម ឃុន សាវឿន ក៏បានអំពាវនាវឱ្យបញ្ឈប់ការនេសាទដោយឧបករណ៍ល្មើសទាំងឡាយ ដែលច្បាប់បានហាមឃាត់ ហើយចូលរួមអភិរក្សទាំងអស់គ្នាដើម្បីឱ្យពូជត្រីមានការកើនឡើង និងត្រូវចាំថា យើងរស់ដោយសារត្រី ត្រីរស់ដើម្បីយើង៕
ដោយ៖ ម៉ែន ប៊ុនធីម/AKP កំពង់ស្ពឺ





