មន្ទីរផែនការខេត្តសៀមរាប ពង្រឹងសមត្ថភាពមន្រ្ដីផ្នែកស្រង់ស្ថិតិ និងទិន្នន័យ
AKP សៀមរាប ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ -- មន្ទីរផែនការខេត្ដសៀមរាប សហការជាមួយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពីមូលដ្ឋានគ្រឹះអនុវត្តន៍នៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពជូនដល់មន្រ្ដីពាក់ព័ន្ធនៅតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត ទៅលើការងារស្រង់ស្ថិតិ និងទិន្នន័យ។ វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងដែលមានរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទ្រី ឬទ្ធា នាយកវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ និង លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ដសៀមរាប រួមទាំងគ្រូបង្គោល និងលោក លោកស្រី ជាតំណាងមកពីមន្ទីរ អង្គរភាពនានាជុំវិញខេត្ត។

ថ្លែងក្នុងពិធីបើកវគ្គនោះ លោក ហាក់ សុធារ៉ា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ និងផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះស្តីពីស្ថិតិ ដែលជួយដល់មន្ត្រីស្ថិតិនៅតាមមន្ទីរ អង្គភាពនានា ប្រមូលវិភាគនិងផ្សព្វផ្សាយអំពីទិន្ន័យប្រកបទៅដោយភាពច្បាស់លាស់ និងគុណភាពខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលជាចំណេះដឹងពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងរួមចំណែកដល់ការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យបានសមស្របទៅតាមគោលដៅចិរភាពនៃការអភិវឌ្ឍសង្គម។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីខាងលើ ក៏ជាការចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយរបស់រាជ រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានកំណត់យកការកែទម្រង់អភិបាលកិច្ច ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។ លោកប្រធានមន្ទីរបានបន្ថែមថា ការបំពេញសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពកិច្ចការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័កិ្ដសិទ្ធិភាព ឈរលើស្មារតីភាពជាម្ចាស់បុរេសកម្មនិងការទទួលខុសត្រូវ។

ជាមួយគ្នានេះ ឯកឧត្តម ទ្រី ឬទ្ធា បានថ្លែងថា មូលដ្ឋានគ្រឹះស្ថិតិអនុវត្ដន៍គឺជាជំហានដំបូងក្នុងការកសាងគ្រឹះចំណេះដឹង ដែលមានស្ថិរភាពនិងអាចបន្ដទៅកាន់កម្រិតខ្ពស់ ដែលសិក្ខាកាមបានចូលរួមរៀនសូត្ររយៈពេល៣ថ្ងៃនេះ នឹងទទួលបានចំណេះដឹងពីគ្រូឧទ្ទេសនាម សម្រាប់យកទៅអនុវត្ដការងារនៅក្នុងស្ថាប័នជំនាញឱ្យមានប្រសិទ្ធភាព។ ឯកឧត្ដមបានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងយល់ដឹងពីទស្សនទាន មូលដ្ឋានសំខាន់ៗរបស់ស្ថិតិដូចជា ស្ថិតិពណ៌នា ប្រភេទទិន្នន័យ ចរិតលក្ខណៈរបស់សូចនាករ ព្រមទាំងវិធីសាស្រ្ដគណនានិងវិភាគស្ថិតិឱ្យមានសង្គតិភាព។

ឯកឧត្តម ទ្រី ឬទ្ធា បានគូសបញ្ជាក់ទៀតថា កម្មវិធីនេះគឺជាផ្នែកមួយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើមី្បពង្រឹងប្រព័ន្ធស្ថិតិជាតិ និងគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សផ្នែកស្ថិតិ ហើយវគ្គនេះបានបំពាក់នូវជំនាញសម្រាប់វាយតម្លៃស្ថានភាព វិភាគបញ្ហា និងរៀបចំផែនការអនុវត្ត ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ហង្ស សៀក





