រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍៖ ការកំណត់ទិសដៅគោលនយោបាយច្បាស់លាស់លើការគ្រប់គ្រងនិងបែងចែកធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ គឺជាកត្តាចំបាច់បំផុតសម្រាប់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.)បានថ្លែងបញ្ជាក់ថា ការកំណត់ទិសដៅគោលនយោបាយច្បាស់លាស់លើការគ្រប់គ្រងនិងបែងចែកធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ គឺជាកត្តាចំបាច់បំផុតសម្រាប់កម្ពុជាដើម្បីកំណត់វិធានច្បាស់លាស់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាអត់ខ្សែ ប្រសិទ្ធភាពនៃការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ និងការប្រកួតប្រជែងដោយតម្លាភាព។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (The 12th Asia-Pacific Spectrum Management Conference) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត មានប្រសាសន៍ថា ធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ជាធនធានកម្រដ៏មានតម្លៃរបស់ជាតិ និងជាមូលដ្នានគ្រឹះក្នុងការពង្រីកសេវាគ្របដណ្តប់របស់ទូរសព្ទចល័ត ក៏ដូចជាការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា កម្ពុជាបានដាក់ឱ្យប្រើប្រាស់សេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ចំនួន ៧៦៧ ទីតាំង និងបានបង្កើនដល់ចំនួន ១ ៥៩២ ទីតាំង គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

សូមជម្រាបជូនថា សន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ត្រូវបានសហការរៀបចំដោយនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) និង វេទិកាសកល (Forum Global) ដោយមានការអញ្ជើញចូលរួមពីលោក Masanori Kondo អគ្គលេខាធិការសហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក(APT) លោកស្រី Atsuko Okuda នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាពទូរគមនាគមន៍សកល (ITU) នាយកគ្រប់គ្រងនៃវេទិកាសកល (Forum Global) ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃ ក.ប.ទ.និង ន.ទ.ក. តំណាងនិយ័តករ អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងវិស័យឯកជនជាតិនិងអន្តរជាតិ ប្រមាណ ២៥០រូប៕


ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍





