គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំង Scam Online ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
AKPខេត្តព្រះសីហនុថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦– គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំង Scam Online ក្រុងព្រះសីហនុ ក្រោមកិច្ចអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ។
កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយ មានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសា លាដំបូងខេត្ត បានចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ជាលទ្ធផលនៃប្រតិបត្តិការខាងលើនេះ គឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងមានដូចខាងក្រោម ៖
-ឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់
-ដកហូតកុំព្យូទ័រចំនួន ០៨គ្រឿង។ បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី។
នេះជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។
ការចុះប្រតិបត្តិការខាងលើទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជា ជាងពិសេសសមត្ថកិច្ចរបស់ខេត្តព្រះសីហនុ មិនអត់ឱនចំពោះសកម្ម ភាពល្មើសខុសច្បាប់ទាំង នេះឡើយនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីសម្អាតផ្ទះយើង ៕



ដោយ៖ ងូ សុមុនី





