រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីចំនួន៥ ក្រុង ស្រុក
AKP កណ្តាល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
រដ្ឋបាលខេត្តកណ្តាល និង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពី" នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅខេត្តកណ្តាល។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺសំដៅលើសិក្ខាកាមប្រមាណ ១១០ រូប អញ្ជើញមកពីរដ្ឋបាលក្រុង ស្រុកចំនួន ០៥ រួមមាន ក្រុងតាខ្មៅ ក្រុងសំពៅពូន ស្រុកស្អាង ស្រុកកោះធំ និងស្រុកលើកដែក ដែលជាអ្នកពាក់ព័ន្ធនឹងមានតម្រូវការក្នុងការងារដោះស្រាយវិវាទដីធ្លីតាមបណ្តាក្រុង-ស្រុក ដែលនឹងត្រូវបានទទួលការបណ្តុះបណ្តាលបន្ថែមសម្រាប់ការងារខាងលើនេះ។ លោកបន្ដថា កិច្ចការងារខាងលើនេះ រដ្ឋបាលខេត្តកណ្តាល បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការ សម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគូភាគីសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈ ការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅខេត្តកណ្តាល។
លោកអភិបាលរងខេត្ដបានលើកឡើងថា រដ្ឋបាលខេត្តកណ្តាល គឺជាខេត្តគោលដៅមុនគេបង្អស់ ដែលបានចុះអនុស្សរណៈខាងលើ និងក៏ជាខេត្ត ដែលពោរពេញទៅដោយស្ថានភាពនៃការផ្តល់សេវាខ្ពស់ និងច្រើនហើយក៏មានគ្រប់រាល់បញ្ហាជាច្រើន ដែលរដ្ឋបាលខេត្តបានជួបនាពេលកន្លងមក ដែលជាចំណុចល្អដែលត្រូវអនុវត្តន៍លើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សារវិវាទ។ លោកអភិបាលរងខេត្ដបានឱ្យដឹងទៀតថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះពិតជាមានសារៈសំខាន់ណាស់ គឺជាយន្តការបំពេញបន្ថែមមួយទៀតលើយន្តការ ដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅមូល ដ្ឋាន, ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាល នាឱកាសនេះ គឺកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ លោកជំទាវក៏បានស្នើសុំឱ្យលោក លោកស្រី ខិតខំធ្វើការយកចិត្តទុកដាក់ ចូលរួមក្រេបយកចំណេះជំនាញសម្រុះសម្រួលវិវាទនេះ និងធ្វើការចែករំលែកនូវបទពិសោធន៍ និងបញ្ហាប្រឈមចំពោះការអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជាការចែករំលែកនូវចំណេះដឹង ចំណេះធ្វើ ក៏ដូចជាមូលដ្ឋានសម្រាប់ អ.ដ.ក. ក្នុងការសិក្សារៀបចំ និងដាក់ចេញនូវសេចក្តីណែនាំ គោលនយោបាយ ឬបទដ្ឋានគតិយុត្តគាំទ្រដល់ការអនុវត្តយន្តការនេះនាពេលអនាគត និងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តកំណែទម្រង់យុត្តិធម៌ និងតុលាការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណង ដើម្បីពង្រឹងវិធីសាស្រ្តផ្សេងៗ សម្រាប់ការដោះស្រាយវិវាទ នៅថ្នាក់ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង រហូតដល់ថ្នាក់ជាតិ។ ទន្ទឹមនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬវិធីសាស្ត្រ ក្នុងការដោះស្រាយវិវាទ ដែលគូភាគីនៃវិវាទ អាចធ្វើការជ្រើសរើសការដោះស្រាយវិវាទរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការ។

លោកជំទាវរដ្ឋលេខាធិការបានអះអាងថា ផ្អែកតាមលទ្ធផលលើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋកន្លងមក អ.ជ.ក. ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការសាទរពីប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយ ឈ្នះ-ឈ្នះ សម្រាប់ពួកគាត់ ផងដែរ ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





