សម្តេចតេជោ ហ៊ុន សែន៖ ជាង៤៧ឆ្នាំនៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ!
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦-- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច នារសៀលថ្ងៃទី១១ ខែមីនានេះថា «ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង»។

សម្តេចតេជោបានបន្តទៀតថា«អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ»៕
ដោយ វាសនា





