ឯកឧត្តម អ៊ុនចាន់ដា ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់
AKP កំពង់ចាមថ្ងៃទី១១មីនាឆ្នាំ២០២៦–អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការ ព្រមានទៅកាន់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់ទូទាំងខេត្តកំពង់ចាម ក្នុងករណីមានការស្តុកទុកប្រេងដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ទើបលក់ ដែលបង្កផលប៉ះពាល់ យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច ធ្ងន់ធ្ងរ អាចនឹងសម្រេចបិទអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណលក់ដូរជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍។

ដូចច្នេះ ម្ចាស់អាជីវកម្មត្រូវរក្សាបាននូវក្រមសីលធម៌ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ ហើយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម។ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈតាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះនា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំសាមញ្ញលេីកទី២២ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមមានរបៀបវារៈចំនួន៥រួមមាន:១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ កុម្ភៈ និងលើកទិសដៅប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។


៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំ ខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខកុម្ភៈ។៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍សរុបការអនុវត្តចំណូលចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។៥-បញ្ហាផ្សេងៗ៕

ដោយ៖ ឆាយ ម៉ុត





