កម្ពុជា និងចក្រភពអង់គ្លេស ដាក់អនុវត្តន៍ MoU ជាផ្លូវការដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានអញ្ជើញចូលរួម ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ MoU រវាងប្រទេសទាំងពីរជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ពិធីនេះ បានធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅក្នុងវេទិកាជំនាញ និង TVET របស់កម្ពុជា-ចក្រភពអង់គ្លេស ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាងកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគត តាមរយៈភាពជាដៃគូ”។

ឯកឧត្ដម ហេង សួរ បានមានប្រសាសន៍ចាត់ទុកកិច្ចសហការនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការភ្ជាប់ស្ថាប័ន ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។ ឯកឧត្ដមបានលើកឡើងថា ក្នុងពេលកម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ជាតិ, MoU នេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងទាន់ពេលវេលាបំផុតសម្រាប់កម្ពុជា ជាពិសេស យុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម និងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា TVET គឺជាវិថីដ៏សំខាន់មួយក្នុងការនាំយុវជនចូលទៅក្នុងទីផ្សារការងារ ដែលមិនខុសគ្នានឹងការអប់រំនៅឧត្តមសិក្សា និងប្រព័ន្ធអប់រំផ្សេងទៀត ព្រមទាំងជាជម្រើសដ៏ល្អមួយបន្ថែមទៀតដល់យុវជនផងដែរ។ កិច្ចសហការនេះ ក៏បញ្ជាក់ពីសារៈសំខាន់នៃជំនាញបៃតង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា កម្ពុជាក៏ស្នើឱ្យភ្ជាប់កិច្ចខិតខំប្រឹងប្រែងនេះ ជាមួយការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលនៃនវានុវត្តន៍បៃតង និងការអភិវឌ្ឍកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកយកប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាពេលថ្មីៗនេះថា “មនុស្ស” គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាអត្ថប្រយោជន៍ប្រកួតប្រជែងដ៏សំខាន់របស់កម្ពុជា។ ក្នុងដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺការអភិវឌ្ឍធនធានមនុស្សដែលវិស័យ TVET មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ជំនាញចាំបាច់ដល់កម្លាំងពលកម្មសម្រាប់កំណើនប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះទៀត ដើម្បីបំប្លែងគោលបំណងទាំងនេះឱ្យក្លាយជាការអនុវត្តជាក់ស្តែង ការផ្តោតអាទិភាពភ្លាមៗនោះ គឺការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារ និងការពង្រឹងតួនាទីក្រុមប្រឹក្សាជំនាញតាមវិស័យ ជាមួយនឹងបទពិសោធន៍ និងក្របខ័ណ្ឌបច្ចេកទេសពីចក្រភពអង់គ្លេសមកអនុវត្តន៍។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា MoU នេះ នឹងជួយកម្ពុជាបញ្ចូលនវានុវត្តន៍ ជំនាញឌីជីថល និងវិធីសាស្ត្របណ្តុះបណ្តាលទំនើបៗលំដាប់ពិភពលោកទៅក្នុងប្រព័ន្ធ TVET កម្ពុជា ដែលជាលទ្ធផលដ៍សំខាន់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ ជាពិសេស ការបង្កើតភាពជាដៃគូរវាងស្ថាប័នកម្ពុជា-អង់គ្លេស ក្នុងការស្រាវជ្រាវលើវិស័យកំពុងលេចធ្លោ ដូចជា បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្មយានយន្ត និងការថែទាំរថយន្តអគ្គិសនី។ ឯកឧត្តមដរដ្ឋមន្រ្ដីបានបង្ហាញការប្តេជ្ញាចិត្តថា ក្រសួងនឹងប្រើប្រាស់ធនធានចាំបាច់នានា ដើម្បីអនុវត្តន៍ឱ្យសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រនេះ ហើយភាគីទាំងពីរមានទស្សនវិស័យចំពោះភាពជាដៃគូដែលអាចបន្តលើសពី MoU នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ហេង សួរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចក្រភពអង់គ្លេស ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា UKSP និងក្រុមការងារទាំងអស់ចំពោះការគាំទ្រ និងការប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហការនេះឡើង។
ឯកឧត្តម Dominic Williams បានបង្ហាញមោទនភាពចំពោះភាពជាដៃគូនេះ ដែលឯកឧត្តមចាត់ទុកថា ជា "ជំពូកថ្មីដ៏រំភើប" នៃប្រទេសទាំងពីរ។ ឯកឧត្ដមឯកអគ្គរាជទូតសង្ឃឹមយ៉ាងមុតមាំថា វានឹងនាំមកនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់ចក្រភពអង់គ្លេស មកបញ្ចូលក្នុងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាក់ស្តែង តាមរយៈ ការកសាងសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា៕
ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ





