ប្រមុខការទូតកម្ពុជា-សិង្ហបុរី បង្ហាញការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦--ក្ន្ងងជំនួបពិភាក្សាការងារទ្វេភាគីប្រមុខការទូតកម្ពុជា និងសិង្ហបុរីភាគីបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។នេះបើតាមការចេញផ្សាយរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសបានលើកឡើងថានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី។

អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានរក្សាទំនាក់ទំនងជាប្រចាំ តាមការផ្លាស់ប្តូរការសួរសុខទុក្ខ និងនឹករលឹកពីគ្នា។

ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។
ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។

ក្រោយជំនួបទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក៏បានរៀបចំអាហារថ្ងៃត្រង់ស្វាគមន៍ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ៕
ដោយ៖ប៊ុនរិទ្ធ





