កិច្ចប្រជុំស្ដីពី ការរៀបចំផែនការយុទ្ធសាស្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំផែនការយុទ្ធសាស្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ នាព្រឹកថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ទៅលើទម្រង់នៃការរៀបចំផែនការយុទ្ធសាស្ដ្រនេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ដោយផ្អែកលើយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨។

សូមជម្រាបជូនថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់ តាមរយៈការលើកកម្រិតគុណភាពធន់និងការប្រែប្រួលអាកាសធាតុ និងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាព ដើម្បីសម្រួលដល់ការធ្វើដំណើរទៅទទួលសេវាសាធារណៈផ្សេងៗ ការដឹកជញ្ជូនកសិផល បង្កើនឱកាសសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍនៅតំបន់ជនបទ ក្នុងគោលដៅចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ៕

ដោយ៖ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





