ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ខេត្តព្រហសីហនុ
AKPភ្នំពេញថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦– ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិ សាស្ត្រ ខេត្តព្រះសីហនុ ស្របតាមការអនុវត្តតាមចរាចរណ៍០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បត្តិ៍ទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺជាយុទ្ធនាការយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាល កក្នុងការបង្ហាញសុឆន្ទះការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីរួមគ្នាសម្អាតផ្ទះឪ្យបានស្អាត ថែរក្សាឪ្យបានល្អ ដែលជាគោលដៅយ៉ាងច្បាស់ គឺលុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋ កិច្ច បានរីកចម្រើន ។

យើងមិនអាចដកដៃបានទេ ព្រោះការឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា Online Scams តាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺបង្ក្រាប និងសម្អាត ផ្ទះរបស់យើងនៅក្នុងព្រះរាជាណាចក្រកម្ពជា ដដោយឡែកខេត្តព្រះសីហនុជាខេត្តមួយក្នុងចំណោម២៥ រាជធានី ខេត្ត យើងត្រូវខិតខំបំពេញការងារនេះទាំងអស់គ្នា រួមទាំងប្រជា ពលរដ្ឋដែលពួកគាត់រាយការណ៍មកយើង សូមកងកម្លាំងរបស់យើង និងអាជ្ញាធរដែនដី បន្តសកម្មភាពចុះផ្សព្វផ្សាយចរាចរណ៍លេខ០៣ របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ ព្រោះ Scams Online នេះបានផលប្រយោជន៍តែបុគ្គលម្នាក់តែប៉ណ្ណោះ វាមិនបានផ្តល់ផលប្រយោជន៍សម្រាប់សង្គមជាតិរបស់យើងនោះទេ ព្រមទាំងធ្វើឪ្យខូចកិត្តិយសរបស់កម្ពុជាថែមទៀតផង ដូច្នេះយើងត្រូវរួមគ្នាសម្អាតផ្ទះរបស់យើង ។

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានស្នើដល់ប្រជាពលរដ្ឋចូលរួមសហការ និងចូលរួមលើគោល ការណ៍ចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាព នៃការរួមចំណែកនៃការឆបោកតាមប្រព័ន្ធ Scams Online សូមឪ្យមន្ទីរ អង្គភាព និងប្រជាពលរដ្ឋចូលរួមសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់នៅក្នុងមូលដ្ឋាន សូមប្រជា ពល រដ្ឋចូលរួមចាប់អាជីពដែលត្រឹមត្រូវស្របតាមច្បាប់ កំណត់ ព្រមទាំងណែនាំឪ្យអភិបាលក្រុងព្រះសីហនុ និងក្រុងកំពង់សោមបន្តតាម ដានត្រួតពិនិត្យវឌ្ឍនភាពនៃ Scams Online នៅក្នុងភូមិសាស្ត្ររបស់ខ្លួនបន្ថែមទៀត ។

សូមរម្លឹកថា យោងតាមរបាយការណ៍របស់តំណាងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានកាស៊ីណូដែលមានអាជ្ញា បណ្ណសរុបចំនួន ៩៤ទីតាំង ក្នុងនោះព្យួរអាជ្ញាបណ្ណ ១២ទីតាំង ដកហូតអាជ្ញាបណ្ណ ៥ទីតាំង ផុតសុពលភាពអាជ្ញាបណ្ណ ៣ទីតាំង បញ្ចប់សុពលភាពអាជ្ញាបណ្ណ ២ទីតាំង ពន្យាពេលបើកដំណើរការ ៤ទីតាំង បំពេញនីតិវិធីព្យួរ ៤ទីតាំង ដំណើរការអាជីវកម្មមានចំនួន ៥១ទីតាំង ពុំដំណើរការ ១៣ទីតាំង ៕

ដោយ៖ ងូ សុមុនី





