អង្គការ UNFPA និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បណ្តុះបណ្តាលគ្រូបង្គោល ស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ
AKP ភ្នំពេញថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦–ក្នុងពេលមានវិបត្តិ ការការពារសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី កាន់តែមានសារៈសំខាន់ខ្លាំងឡើង។ អង្គការ UNFPA ប្រចាំកម្ពុជា រួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និង អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) បានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោល (ToT) ស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងស្ថានភាពអាសន្ន (GBViE) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ បានប្រមូលផ្តុំអ្នកសម្របសម្រួលអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងស្ថានភាពអាសន្ន មកពីអង្គការ TPO និង គ.ជ.គ.ម. ដែលជាអ្នកគាំទ្រដល់វគ្គប្រឹក្សាយោបល់សម្រាប់ស្ត្រី និងក្មេងស្រី នៅក្នុងជំរំបណ្តោះអាសន្ន ដែលរងផលប៉ះពាល់ដោយវិបត្តិដែលកំពុងបន្តកើតមាន ក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ វគ្គទាំងនេះ បានរំលឹកឡើងវិញនូវចំណេះដឹង និងពង្រឹងជំនាញអនុវត្តជាក់ស្តែង ដើម្បីបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងពេលមានអាសន្ន។

សិក្ខាកាម បានពិភាក្សាអំពីរបៀបដែលវិបត្តិបង្កើនហានិភ័យដល់ស្ត្រី និងក្មេងស្រី បានស្វែងយល់អំពីលំហសុវត្ថិភាពដើម្បីរៀបចំបន្ទប់ផ្តល់ប្រឹក្សាប្រកបដោយសុវត្ថិភាព ជំនួយចិត្តសាស្ត្របឋម ដែលអាចផ្តល់ការគាំទ្រភ្លាមៗដើម្បីជួយឱ្យជនរងគ្រោះអាចដោះស្រាយភាពតានតឹង និងវិបត្តិផ្លូវចិត្ត និងការបញ្ជូនជនរងគ្រោះទៅរកសេវាដែលពួកគេត្រូវការ។

សិក្ខាកាម ក៏បានស្វែងយល់ពីការធ្វើការជាមួយគណៈកម្មការគ្រប់គ្រងជំរំ ដើម្បីកំណត់ហានិភ័យ និងធ្វើឱ្យជំរំកាន់តែមានសុវត្ថិភាព។
តាមរយៈកិច្ចសហការដៃគូរឹងមាំ អង្គការ UNFPA ប្តេជ្ញាចិត្តក្នុងការកែលម្អការការពារ និងការគាំទ្រដល់ស្ត្រី និងក្មេងស្រីដែលរងផលប៉ះពាល់ដោយវិបត្តិ ៕
ដោយ៖ ណយ នឿន (ប្រភព៖UNFPA)





