ក្រសួងអប់រំរៀបចំការប្រឡងប្រជែងដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាជាតិអំណាន
AKPភ្នំពេញថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦– ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រារព្ធទិវាជាតិអំណាន ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ឆ្នាំ២០២៦ ជាឆ្នាំទី១១ ដែលមានខ្លឹមសារទូលំទូលាយ ផ្តោតលើសារៈសំខាន់នៃការអាន និងការសរសេរតាមគ្រប់មធ្យោបាយ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
សម្រាប់ទិវាជាតិអំណានឆ្នាំនេះ គឺដូចបណ្តាឆ្នាំកន្លងមកដែរ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីទទួល “ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន” ដោយជ្រើសរើសសិស្សទៅតាមកម្រិតសិក្សានីមួយៗ អនុលោមទៅតាមវិញ្ញាសាចំនួន៣ សំខាន់ៗ ក្នុងនោះសម្រាប់សិស្សានុសិស្ស រួមមាន ១.ការប្រឡងប្រជែងអានអត្ថបទ ២.ការប្រឡងប្រជែងស្មូតកំណាព្យ ៣.ការប្រឡងប្រជែងតែងនិពន្ធ។

ដោយឡែកសម្រាប់សាធារណជន ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រកួតប្រជែង ១.ការប្រឡងប្រជែងបកស្រាយជាអត្ថបទឧស្សាហ៍កថា ក្រោមប្រធានបទ «ការបណ្តុះមនសិការជាតិ» តាមរយៈវណ្ណកម្មរបស់អ្នកនិពន្ធ ជុត ខៃ និង ២.ការប្រឡងប្រជែងតែងនិពន្ធប្រលោមលោកខ្នាតខ្លីក្រោមប្រធានបទ «ខ្ញុំស្រឡាញ់ភូមិខ្ញុំ»៕
ដោយ៖ ចាន់ សុភឿន





