វគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងតំបន់ប្រតិបត្តិការសឹករងទាំង៣ ចំណុះអង្គភាពយោធភូមិភាគទី១
AKPភ្នំពេញថ្ងៃទី១០ ខែ មិនា ឆ្នាំ២០២៦--សាលាពលទាហានទី ១យោធភូមិភាគទី ១ រៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងតំបន់ប្រតិបត្តិការសឹករងទាំង៣ រតនគិរី មណ្ឌលគិរី .ស្ទឹងត្រែង ចំណុះអង្គភាពយោធភូមិភាគទី១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការ តំណាង ឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ នាថ្ងៃទី១០ ខែ មិនា ឆ្នាំ២០២៦។
លោកវរសេនីយ៍ឯក ឡាង ពៅ នាយកស្ដីទីសាលាពលទាហានទី ១ បានថ្លែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈអធិបតីនិងភ្ញៀវទាំងអស់ និងបានធ្វើសេច ក្តីរាយការណ៍ សង្ខេបអំពីកិច្ចដំណើរ ការបើកវគ្គ ហ្វឹកហ្វឺនបំប៉ន ពង្រឹងតំបន់ ប្រតិបត្តិការសឹករងទាំងបីនៅថ្ងៃនេះថា៖ វគ្គហ្វឹកហ្វឺនមានរយៈពេលសិក្សាចំនួន ៩១ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ០៨ ខែ មិថុនាឆ្នាំ ២០២៦ដោយមានសិក្ខាកាម មកពី អង្គភាពតំបន់ប្រតិបត្តិការសឹករងទាំងបីគឺ តំបន់ប្រតិបត្តិការសឹករង រតនៈគិរី មណ្ឌលគិរី និង ស្ទឹងត្រែង។

ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ បានថ្លែងនូវការកោតសរសើរចំពោះ ការយកចិត្តទុកដាក់ សហការរៀបចំដ៏ល្អរបស់គណៈនាយកសាលា ធ្វើឲ្យកិច្ចការ បើកវគ្គ សិក្សា ដំណើរការទៅយ៉ាងរលូន ។

ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ បានធ្វើការផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់អស់ពីកម្លាំងកាយ ចិត្តក្នុងការ ហ្វឹកហ្វឺនរៀនសូត្រ យកចិត្តទុកដាក់ស្ដាប់ នូវគ្រូឧទ្ទេសនាមមេរៀន ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅលើទីលាន ហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលម្នាក់ៗ ដោយប្រកាន់ ជាប់ ពាក្យស្លោក ((ស៊ូបង្ហូរញើសលើទីលានហាត់ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ))។

ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ បានសំណូមពរសូមឲ្យប្អូនៗយើងយកចិត្តទុកដាក់គោរពវិន័យនិង បទបញ្ជារបស់សាលាឲ្យបានម៉ឺងម៉ាត់ពង្រឹងការសាមគ្គីភាពផ្ទៃក្នុងរវាងគ្នានឹងគ្នាឲ្យបានរឹងមាំ ចេះជួយទុក្ខធុរៈគ្នា ចេះពន្យល់ណែនាំគ្នាក្នុងនាមជាមិត្តរួមអាវុធដើម្បី ពង្រឹង គុណភាពវគ្គសិក្សា ឲ្យទទួលបានលទ្ធផលខ្ពស់ និងត្រូវជៀស ឆ្ងាយ អំពីបញ្ហាគ្រឿងញៀន៕
ដោយ៖ សំ សាម៉ន ប្រភពបញ្ជាការដ្ឋានកងទ័ពជើងគោក





