អគ្គស្នងការនគរបាលជាតិ ណែនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យថ្មី ត្រូវយកចិត្តទុកដាក់ ការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងការជួញដូរមនុស្សដែលជាបញ្ហាប្រឈមក្នុងតំបន់ព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំដល់ស្នងការនគរបាលខេត្ដបន្ទាយមានជ័យដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបបទល្មើសផ្សេងៗ ដូចជា ការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការជួញដូរមនុស្ស ដែលជាបញ្ហាប្រឈមក្នុងតំបន់ព្រំដែន។ ការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្ដបន្ទាយមានជ័យ។

យោងតាមអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ (អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង) ត្រូវបានតែងតាំងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ (អតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ) ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានផ្តល់នូវអនុសាសន៍គន្លឹះដល់ស្នងការនគរបាលថ្មី និងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ត្រូវមានការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវសាមគ្គីភាព និងរបៀបរបបធ្វើការងារតាមឋានានុក្រម ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អប្រសើរ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានលើកឡើងថា ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បង្កើនការចុះមូលដ្ឋាន ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបន្ថែមថា ការគ្រប់គ្រងសន្តិសុខតាមព្រំដែនក្នុងនាមជាខេត្តជាប់ព្រំដែន ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ និងការពារបូរណភាពទឹកដី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានខិតខំដឹកនាំកម្លាំងនគរបាលខេត្តសហការជាមួយអង្គភាព មន្ទីរជុំវិញខេត្ដ និងអនុវត្ដការងារបានល្អប្រសើរ នាពេលកន្លងមក។ ឯកឧត្តម នាយឧត្តមសេនីយ៍បានចាត់ទុកថា៖ «ការតែងតាំង និងផ្លាស់ប្តូរមុខតំណែង គឺជាភារកិច្ចចាំបាច់របស់កងកម្លាំងនគរបាលជាតិ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជាឱកាសក្នុងការបង្ហាញសមត្ថភាពដឹកនាំថ្មីៗ ក្នុងការបម្រើជាតិ និងប្រជាជន»។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ដែលទើបទទួលបានការតែងតាំងថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលបានផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចដល់រូបលោក លោកឧត្ដមសេនីយ៍ត្រីបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ឱ្យមានការរីកចម្រើន រក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ឱ្យបានខ្ជាប់ខ្ជួនបំផុត៕
ដោយ៖ ឈុន សារ៉ាត





