សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះការប្រារព្ធទិវាជាតិអំណាន ១១ មីនា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២៦ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ក្នុងស្មារតីគោរពដឹងគុណចំពោះវីរភាពរបស់សម្តេច ព្រះសង្ឃរាជជួន ណាត ដែលបានខិតខំតស៊ូពុះពារការពារមរតកវប្បធម៌ អក្សរសាស្ត្រខ្មែរនិងដើម្បីលើកកម្ពស់វប្បធម៌អាន និងបណ្តុះទម្លាប់អានពេញមួយជីវិតដល់សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា។

ថ្លែងក្នុងទិវាជាតិអំណាន ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ការប្រារព្ធទិវាដ៏មានសារៈសំខាន់មួយនេះ មិនត្រឹមតែក្នុងស្មារតីគោរពដឹងគុណ ចំពោះវីរភាពរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូពុះពារការពារមរតកវប្បធម៌ អក្សរសាស្ត្រខ្មែរ និងដើម្បីលើកកម្ពស់វប្បធម៌អាន និងបណ្តុះទម្លាប់អានពេញមួយជីវិតដល់សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែព្រមទាំងផ្តល់ឱកាសដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗសិស្ស និស្សិត និងភ្ញៀវកិត្តិយសទាំងអស់ ចូលរួម និងគាំទ្រដល់ការអាន ដើម្បីលើកកម្ពស់គុណតម្លៃនៃអំណានសម្រាប់គុណភាព នៃជីវិត និងញ៉ាំងឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបស្រឡាញ់ការអាន ដោយសារការអានបានផ្តល់ប្រយោជន៍ដ៏ធំធេង នឹងធ្វើឱ្យមនុស្ស មានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។ ម៉្យាងវិញទៀតយើងទាំងអស់គ្នាត្រូវរិះរកគ្រប់វិធី ដើម្បីបណ្តុះទម្លាប់ការអានសៀវភៅ និងជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ការអាន និងការសរសេរ គឺជាបំណិនមូលដ្ឋានដ៏មានសារៈសំខាន់ ដែលគាំទ្រដល់បុគ្គលគ្រប់រូបមាន លទ្ធភាពបន្តការសិក្សាដល់ថ្នាក់ខ្ពស់ ការគិតប្រកបដោយការត្រិះរិះ ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងការចូលរួមចំណែកយ៉ាងមានអត្ថន័យដល់សង្គម ខណៈគ្រប់មនុស្សជាតិបានទទួលស្គាល់ថា អក្ខរកម្មគឺជាមូលដ្ឋាន គ្រឹះសម្រាប់ការកសាងចំណេះដឹង នវានុវត្តន៍ និងការចូលរួមបែបប្រជាធិបតេយ្យ។
សម្តេចបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយសព្វថ្ងៃនេះបរិបទដែលយើងកំពុងតែអាន និងសរសេរបានទទទួលរងនូវផលប៉ះពាល់ពីបរិយាកាសខាងក្នុង និងខាងក្រៅ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជាបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត ការតភ្ជាប់គ្នាទៅវិញទៅមកជាសកល ។ល។ ស្របពេលដែលការ អភិវឌ្ឍទាំងនេះបង្កើតឱកាសយ៉ាងច្រើន វាក៏បង្ហាញពីបញ្ហាប្រឈមមួយចំនួនផងដែរដូចជា យុវជន និងអ្នកអានកំពុងរងផលប៉ះពាល់ពីលំហូរព័ត៌មានដ៏ច្រើន តាមរយៈវេទិកាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាថ្មីៗ ដែលទាមទារឱ្យយុវជន និង អ្នកអានរបស់យើងត្រូវបង្កើនសមត្ថភាពក្នុងការអានដោយការត្រិះរិះពិចារណា ការសរសេរ ឱ្យច្បាស់លាស់ និងការគិតដោយឯករាជ្យ៕
ដោយ៖ ចាន់ សុភឿន





