ឯកឧត្តម ប៊ិន ត្រឈៃ អនុញ្ញាតឱ្យ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦---
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នៅ ទីស្តីការក្រសួងផែនការ បានអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវ ទើបទទួលបានការតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។សមាសភាពអមលោកជំទាវ Vladanka Andreeva រួមមាន៖ លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA, លោកស្រី Will Park តំណាងអង្គការ UNICEF, លោកស្រី Rebekah Bells តំណាងអង្គការ FAO, លោកស្រី Kyung-nan Park តំណាងអង្គការ WFP។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Vladanka Andreeva និងបានថ្លែងអបអរសាទរចំពោះការទទួលបានការតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍជាតិ និងការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាតិ និងកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ និង,បានពិភាក្សាពាក់ព័ន្ធនឹង៖
១-ស្ថានភាពកម្មករចំណាកស្រុកកម្ពុជា ដែលបានត្រឡប់មកពីក្រៅប្រទេស និងជនភៀសសឹកដែលបណ្តាលមកពីស្ថានភាពជម្លោះតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃការសហការរវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងការគាំទ្រដល់ការស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការបង្កើតឱកាសការងារសមរម្យសម្រាប់ពលករដែលវិលត្រឡប់មកវិញ។ លោកជំទាវ Vladanka Andreeva បានសម្តែងនូវសមានចិត្ត និងការចូលរួមទុក្ខលំបាកជាមួយប្រជាជនកម្ពុជា ជាពិសេសជនភៀសសឹកដែលពុំទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន។ លោកជំទាវ ក៏បានបញ្ជាក់ថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងបន្តស្វែងរកមធ្យោបាយ និងការគិតគូរផ្សេងៗ ដើម្បីចូលរួមគាំទ្រ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពនេះ។ លោកជំទាវ ក៏បានបង្ហាញពីការគាំទ្ររបស់អង្គការសហប្រជាជាតិចំពោះកម្មករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់មកក្នុងប្រទេសវិញ ដោយបន្តធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រដល់ការស្តារជីវភាព និងការរួមបញ្ចូលពួកគេឡើងវិញក្នុងសេដ្ឋកិច្ច និងសង្គម។


២-ពិភាក្សាពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្ត ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល (SDGs)។ លោកជំទាវ Vladanka Andreeva បានបញ្ជាក់ថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងផ្តល់ជូននូវរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្ត SDGs ដែលបានចេញផ្សាយ ដើម្បីធ្វើការពិនិត្យ និងពិភាក្សារួមគ្នាជាមួយក្រសួងផែនការ មុននឹងមានការបន្តដំណើរការផ្សេងៗ។
៣-ការរៀបចំ យុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy - STS) ដើម្បីធានាថា កម្ពុជាអាចចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) ដោយរលូន នៅឆ្នាំ២០២៩ និងការរៀបចំ របាយការណ៍រាយការណ៍ដោយស្ម័គ្រចិត្ត (Voluntary National Review - VNR) ដែលគ្រោងនឹងដាក់បង្ហាញនៅវេទិកាកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការសហប្រជាជាតិ នៅខែកក្កដា ឆ្នាំ២០២៧ ដោយក្រសួងផែនការជាស្ថាប័នដឹកនាំសម្របសម្រួល។ ក្នុងន័យនេះ លោកជំទាវ Vladanka Andreeva បានបង្ហាញការគាំទ្រពីអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរៀបចំ Timeline និងការផ្តល់ការគាំទ្របច្ចេកទេសដល់ក្រសួងផែនការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាការរៀបចំឯកសារសំខាន់ៗទាំងនេះអាចប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព។
៤-អំពីកិច្ចសហការលើការងារអង្កេត និងស្ថិតិផ្សេងៗ ដែលមានសារៈសំខាន់ក្នុងការផ្តល់ទិន្នន័យគាំទ្រដល់ការរៀបចំគោលនយោបាយ និងការវាយតម្លៃវឌ្ឍនភាពនៃការអភិវឌ្ឍជាតិ។ ការពង្រឹងប្រព័ន្ធទិន្នន័យ និងស្ថិតិជាតិ ត្រូវបានចាត់ទុកថា ជាមូលដ្ឋានសំខាន់សម្រាប់ការសម្រេចចិត្តផ្អែកលើភស្តុតាង និងការអភិវឌ្ឍប្រកបដោយចីរភាព។
៥-ការលើកកម្ពស់អាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ តាមរយៈ ការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ (Food Fortification) ដែលជាវិធានការសំខាន់ក្នុងការកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ និងការលើកកម្ពស់សុខភាពសាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា កាលពីសប្តាហ៍មុន ក្រសួងផែនការបានរៀបចំសិក្ខាសាលាប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ឆ្នាំ២០២៥-២០៣០ កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាពាក់ព័ន្ធនឹងប្រធានបទនេះ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងគោលបំណងពង្រឹងកិច្ចសហការរួម និងស្វែងរកយន្តការដែលមានប្រសិទ្ធភាព ក្នុងការកែលម្អអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋកម្ពុជា។
ជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយផ្លែផ្កា និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រសួងផែនការ និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមរបស់កម្ពុជា និងការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ ពេជ្រ សំអឿន( ប្រភព៖ ក្រសួងផែនការ )





