ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “បរិវត្តកម្មឌីជីថលនិងវិស័យសាសនា”
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦—ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “បរិវត្តកម្មឌីជីថលនិងវិស័យសាសនា” នៅទីស្តីការក្រសួងធម្មការនិងសាសនា។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមអំពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការនិងសាសនា លោក លោកស្រី និងមន្ត្រីរាជការជាច្រើនរូប។

តាងនាមឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា ឯកឧត្ដមរដ្ឋលេខាធិការបានចូលរួមអបអរសាទរ និងសូមកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បរិវត្តកម្មឌីជីថល និងវិស័យសាសនា”។ សម័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងលឿន បរិវត្តកម្មឌីជីថលបានក្លាយជាផ្នែកមួយសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យ និងគ្រប់វិស័យ។ វាមិនត្រឹមតែផ្លាស់ប្តូររបៀបរបបធ្វើការ ការសិក្សា និងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗសម្រាប់វិស័យសាសនា ក្នុងការចែករំលែក គុណតម្លៃ សីលធម៌ និងការអប់រំផ្លូវចិត្ត ដល់សង្គមយ៉ាងទូលំទូលាយ។

វិស័យសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសីលធម៌ ការរួមរស់ដោយសុខដុមរមនា និងការអភិវឌ្ឍសង្គម។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល យើងអាចពង្រីកការផ្សព្វផ្សាយធម៌វិន័យ ការអប់រំសាសនូវាទ និងការចែករំលែកចំណេះដឹងឱ្យកាន់តែមានវិសាលភាពទៅដល់ប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស ជាពិសេសសម្រាប់យុវជនជំនាន់ថ្មី ដែលរស់នៅជាមួយបច្ចេកវិទ្យាឌីជីថល ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព ក្នុងការនាំយកតម្លៃសាសនា និងវប្បធម៌ឱ្យកាន់តែជិតស្និទ្ធជាមួយពួកគេ។

ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងការកសាងរដ្ឋាភិបាលឌីជីថល លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរស្របតាមចក្ខុវិស័យនិង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្លើយតបទៅនឹងនវានុវត្ត នៃបច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើប ហើយធានាបាននូវចីរភាព ការតាំងនៅស្ថិតស្ថេរនៃវិស័យសាសនា ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនា ជាសេនាធិការ
រដ្ឋាភិបាលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី៥ ឱ្យក្រសួងលើកកម្ពស់ការយល់ដឹង និងជួយជំរុញតួនាទីព្រះពុទ្ធសាសនា ចូលរួមចំណែកអប់រំសីលធម៌ គុណធម៌ សុជីវធម៌ និងបំផុសគំនិតច្នៃប្រឌិត ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃសង្គមជាតិ។

តាមរយៈយុទ្ធសាស្ដ្រនេះ បង្ហាញឱ្យឃើញពីការបន្ត គោរពសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ជាពិសេសការបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិត ការបោះពុម្ពផ្សព្វផ្សាយគម្ពីរ ក្បួនច្បាប់នានា ការចងក្រងប្រជុំទំនៀមទម្លាប់ប្រពៃណីខ្មែរ ការបណ្តុះឆន្ទៈមនសិការ នៃការដឹងគុណចំពោះវិញ្ញូជន វីរជន និងបុព្វបុរសខ្មែរគ្រប់ជំនាន់។ ក្រៅតែពីការជម្រុញការបដិបត្តិនូវព្រះធម៌វិន័យនោះ ក្រសួងធម្មការនិងសាសនាបានដើរតួនាទីយ៉ាងសកម្មក្នុងការជម្រុញ លើកម្ពស់នូវការយល់ដឹង និងលើកតម្កើងនូវតម្លៃនៃវប្បធម៌ ប្រពៃណី និងសាសនាផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការមានសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាល បរិវត្តកម្មឌីជីថលនិងវិស័យសាសនា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិតខ្ពស់ និងបទពិសោធន៍ដ៏មានតម្លៃ ដែលអាចយកទៅអនុវត្តិក្នុងការងារ និងសកម្មភាពពាក់ព័ន្ធនឹងវិស័យសាសនានិងសង្គម ឱ្យកាន់តែរុងរឿងរីកចម្រើន៕
ដោយ៖ គង់ សិរីរ័ត្ន





