រដ្ឋបាលខណ្ឌ៧មករា ប្ដេជ្ញាបង្ក្រាបបទល្មើសអនឡាញ Online Scam ឱ្យអស់នៅមូលដ្ខានខ្លួនរយៈពេលយ៉ាងយូ១០ថ្ងៃទៀត
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦—ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌ៧មករា បានប្ដេជ្ញាចិត្ដ បង្ក្រាបបទល្មើសអនឡាញ Online Scam ឱ្យអស់នៅមូលដ្ខានខ្លួនរយៈពេលយ៉ាងយូរ១០ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ឱ្យដឹងបែបនេះ កាលពីថ្ងៃទី១០ ខែមីនា ២០២៦ ក្នុងកិច្ចប្រជុំដើម្បីបន្តតាមដាននិងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ (Online Scam) ចាប់ពីថ្នាក់មូលដ្ឋាន ភូមិ សង្កាត់រហូតដល់ថ្នាក់ខណ្ឌ។
កិច្ចប្រជុំនេះលោក ថេង សុថុល បានដាក់ចេញ នូវវិធានការជាក់ស្តែង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញនៅក្នុងមូលដ្ឋាន។ ការសហការរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងសន្តិសុខ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ ដើម្បីធ្វើការ តាមដាន និងស្វែងរកព័ត៌មានអំពីសកម្មភាពគួរសង្ស័យ ដែលអាចនាំឱ្យកើតមានបទល្មើសអនឡាញ។ លោកបានណែនាំឱ្យអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងនគរបាល ត្រូវបន្តពង្រឹងការត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ ក៏ដូចជាការចុះពិនិត្យអគារជួល ឬកន្លែងដែលមានការស្នាក់នៅជាច្រើនរបស់ជនបរទេស ឬក្រុមមនុស្សដែលអាចពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

លោកបានបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌ៧មករា មានទីតាំង អាគារ ខុនដូរ អាផានមិន សណ្ឋាគារ ចំនួន៨៧ ទីតាំង រហូតដល់ថ្ងៃនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះត្រួតពិនិត្យ ហើយរួចរាល់ និងមិនមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឡើយ។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងគណៈបញ្ជាខណ្ឌបន្តចុះត្រួតពិនិត្យឡើងវិញបន្តទៀត មិនអនុញ្ញាតឱ្យមានបទល្មើសឡើញ គឺត្រូវរក្សាមូលដ្ឋានខណ្ឌ៧មករា ជាតំបន់ ស ឱ្យបានដាច់ខាត់៕
ដោយ សួស សំរិត





