ឆ្នាំសិក្សា២០២៥-២០២៦ មានសាលាបឋមសិក្សា ១.១១៤ ទទួលផលពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦—រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ មានសាលាបឋមសិក្សាចំនួន ១.១១៤ បាន និងកំពុងទទួលផលពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងនោះសាលារៀនចំនួន ៨១៦ អនុវត្តដោយប្រើថវិកាជាតិ និងសាលារៀនចំនួន ២៩៨ទៀតអនុវត្តដោយប្រើថវិកាដៃគូអភិវឌ្ឍនានា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។

ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងទូទៅ និងអនុគណៈកម្មការបច្ចេកទេស ស្តីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍តាមខេត្តគោលដៅ ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអ្នកពាក់ព័ន្ធផ្សេងទៀត នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ ក្រោមការសហការជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនជូនដល់កុមារក្នុងវ័យសិក្សានៅកម្រិតបឋមសិក្សាដោយក្នុងឆ្នាំសិក្សា២០២៥-២០២៦មានសាលាបឋមសិក្សាចំនួន ១.១១៤ បាន និងកំពុងទទួលផលពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងនោះសាលារៀនចំនួន ៨១៦ អនុវត្តដោយប្រើថវិកាជាតិ និងសាលារៀនចំនួន ២៩៨ផ្សេងទៀត អនុវត្តដោយប្រើថវិកាដៃគូអភិវឌ្ឍនានា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។

សូមជម្រាបជូនថា អង្គប្រជុំបានពិនិត្យ ពិភាក្សា និងបញ្ជាក់ពីតួនាទីភារកិច្ច រួមនឹងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មការ និងអនុគណៈកម្មការបច្ចេកទេស និងបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីក្រោមគម្រោងគាំទ្រការអនុវត្តរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជានៅតាមសាលារៀនគោលដៅមួយចំនួន នៃខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ គម្រោងគាំទ្រនេះផ្តោតសំខាន់លើរបបអាហារសិស្ស ហេដ្ឋារចនាសម្ព័ន្ធផ្ទះបាយ កន្លែងសិស្សទទួលទានអាហារ សម្ភារផ្ទះបាយ និងការកសាងសមត្ថភាពជូនដល់ក្រុមការងារបច្ចេកទេសនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





