អភិបាលរងខេត្តបន្ទាយមានជ័យនាំយកអំណោយស័ង្កសីជាង ៤ពាន់សន្លឹក និងគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម កែ គឹមយ៉ាន ចែកជូនពលរដ្ឋរងគ្រោះដោយសារសង្គ្រាមនៅស្រុកថ្មពួក
AKPបន្ទាយមានជ័យថ្ងៃទី១០ខែមីនាឆ្នាំ២០២៦-- ក្នុងស្មារតីជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមឈ្លានពានរំលោភលើអធិបតេយ្យភាពកម្ពុជាពីសំណាក់ភាគីថៃកាលពីពេលកន្លងទៅ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចែកជូនដល់គ្រួសាររងគ្រោះចំនួន ២០០គ្រួសារ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក កែ សួនសុភាព បានពាំនាំនូវការសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថាឯកឧត្តម កែ គឹមយ៉ាន តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានឆ្លងកាត់ និងរងផលប៉ះពាល់ដោយផ្ទាល់ពីព្រឹត្តិការណ៍សង្គ្រាមនៅតាមព្រំដែន។ អំណោយដែលនាំមកចែកជូននាពេលនេះ ទោះបីមិនអាចប៉ះប៉ូវបាននូវរាល់ការបាត់បង់កាលពីអតីតកាល ប៉ុន្តែវាគឺជាសក្ខីភាពនៃការរួមសុខរួមទុក្ខ និងការមិនបោះបង់ពលរដ្ឋណាម្នាក់ចោល ក្នុងស្មារតីគ្រួសារខ្មែរតែមួយ។

លោកអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត និងរួមគ្នាថែរក្សាសន្តិភាពដែលយើងទទួលបានមកដោយលំបាក ដើម្បីការអភិវឌ្ឍភូមិឃុំឱ្យកាន់តែរីកចម្រើនថែមទៀត។
អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋ ២០០គ្រួសារនាពេលនេះ រួមមានស័ង្កសីសរុបចំនួន ៤,៧៥៩សន្លឹក ដើម្បីជួយជួសជុលជម្រកស្នាក់នៅឱ្យបានសមរម្យ។ ក្នុងនោះ ម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម, ទឹកសុទ្ធ ២យួរ និងឃីតឈុតធំ ១កញ្ចប់។

ក្រៅពីប្រជាពលរដ្ឋ លោកអភិបាលរងខេត្ត ក៏បានឧបត្ថម្ភដល់កម្លាំងជួរមុខ និងអាជ្ញាធរមូលដ្ឋាន រួមមាន៖រដ្ឋបាលមេឃុំ ២រូប អង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ ១យួរ, ឃីតឈុតធំ ១, សារុង ១ និងថវិកា ៥០,០០០រៀល។
អាជ្ញាធរភូមិ ១៣រូបអង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ ១យួរ, ឃីតឈុតធំ ១, សារុង ១ និងថវិកា ២០,០០០រៀល។
ប្រជាការពារភូមិ ៣១រូប៖ អង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ ១យួរ, ទឹកសណ្តែក Yeos ២យួរ, សារុង ១ និងថវិកា ១០,០០០រៀល។
កងកម្លាំង ១០រូប៖ អង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ ១យួរ, ឃីតឈុតធំ ១, សារុង ១ និងថវិកា ១០,០០០រៀល។
ស.ស.យ.ក ស្រុកថ្មពួក៖ ទឹកសណ្តែក Yeos ២យួរ, សារុង ១ និងថវិកា ១០,០០០រៀល។
តំណាងប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើបរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងលោក កែ សួនសុភាព ដែលមិនដែលភ្លេចពួកគាត់។

លោកពូ ម្នាក់ដែលជាអ្នករងគ្រោះម្នាក់បានលើកឡើងថា"ខ្ញុំពិតជាត្រេកអរណាស់ដែលថ្នាក់ដឹកនាំនៅតែចងចាំ និងជួយពួកយើង។ ស័ង្កសីទាំងនេះនឹងជួយឱ្យផ្ទះរបស់ខ្ញុំលែងលេចភ្លៀងទៀតហើយ។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ពួកយើងដែលរស់នៅតាមព្រំដែន"។
សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជួយសម្រាលការលំបាកផ្នែកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការសាមគ្គីភាពយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅមូលដ្ឋានដាច់ស្រយាលផងដែរ៕
ដោយ៖ឈុនសារ៉ាត





