សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖នារី អ.ប.ព ត្រូវបង្កើនការរួមសាមគ្គីគ្នា ការពារ និងលើកស្ទួយស្រ្តី
AKP ភ្នំពេញថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជាប្រធានសមាគមនារីកម្ពុជា បានអំពាវនាវដល់នារី អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបង្កើនការរួមសាមគ្គីគ្នា ការពារ និងលើកស្ទួយស្រ្តីរបស់យើង។

ថ្លែងក្នុងពិធីប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឱ្យដឹងថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ «ស្រ្តី គឺជាស្នូល»។

ជាមួយគ្នាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងដោយផ្តាំផ្ញើឱ្យស្រ្តីត្រូវចេះចែករំលែកនូវការរួមសុខរួមទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅសមរភូមិមុខ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ និងពលរដ្ឋភៀសសឹក។


លោកជំទាវ ចិន ច័ន្ទមុនី ឧបការី ប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង និងជាប្រធានសមាគមនារី អ.ប.ព.បានអំពាវនាវដល់មន្រ្តី អ.ប.ព. ទាំងអស់ ចូលរួមបង្កើតគ្រួសារ អ.ប.ព. ដែលពោរពេញដោយក្ដីស្រឡាញ់ និងមានសាមគ្គីភាពរឹងមាំ និងចូលរួមចំណែកកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ដើម្បីវិបុលភាពសង្គមជាតិ៕
ដោយ៖មករា





