អង្គការCI រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងរេដបូកជួរភ្នំក្រវាញកណ្តាល នៅខេត្តចំនួនបី
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦--អង្គការអភិរក្សអន្តរជាតិ កម្ពុជា (អង្គការ CI) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីផែនការ និងឯកសារនៃគម្រោងរេដបូកជួរភ្នំក្រវាញកណ្តាល ( CC REDD+) ក្នុងឃុំគោលដៅទាំង៨ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ។
សកម្មភាពនេះមានគោលបំណងពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូល ពង្រឹងការយល់ដឹង និងការចូលរួមរបស់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន (IPLCs) រួមទាំងអាជ្ញារធរមូលដ្ឋានក្នុងការសម្រេចចិត្ត និងការអនុវត្តគម្រោង។

ក្នុងអំឡុងពេលកិច្ចប្រជុំ អង្គការ CI បានផ្សព្វផ្សាយជាសាធារណៈនូវផែនការប្រព័ន្ធការពារសុវត្ថិភាពសំខាន់ៗ រួមមានផែនការគ្រប់គ្រងហេតុប៉ះពាល់បរិស្ថាន និងសង្គម ផែនការចូលរួមពីភាគីពាក់ព័ន្ធ ផែនការបញ្ជ្រាបយេនឌ័រ និងផែនការជនជាតិដើមភាគតិច ដែលជួយដល់ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានឱ្យយល់ដឹងអំពីហានិភ័យនៃសកម្មភាពគម្រោង និងបង្កលក្ខណៈងាយស្រួលដល់ភាគីពាក់ព័ន្ធក្នុងការចូលរួមប្រកបដោយអត្ថន័យ ប្រសិទ្ធភាព និងបរិយាបន្នក្នុងការអនុវត្ត និងពិនិត្យតាមដានគម្រោង។

ការផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ក្នុងការកសាង បង្កើនការយល់ដឹង និងរក្សាកិច្ចសន្ទនាជាសាធារណៈ និងធានាឱ្យបាននូវប្រសិទ្ធភាពនៃអនុវត្តគម្រោង។
លើសពីនេះ សហគមន៍ និងភាគីពាក់ព័ន្ធសរុប ២៥១ នាក់ ក្នុងនោះមានស្រ្តី ១២៨ នាក់ ជនជាតិដើមភាគតិច ៩៧ នាក់ ក៏បានចូលរួមពិគ្រោះយោបល់អំពីសេចក្តីព្រាងឯកសារគម្រោងមួយចំនួន រួមមានសេចក្តីសង្ខេបបរិយាយគម្រោង ផែនការត្រួតពិនិត្យផលប៉ះពាល់សហគមន៍ ផែនការតាមដានជីវៈចម្រុះ និងលទ្ធផលនៃការត្រួតពិនិត្យក្នុងឆ្នាំ២០២២-២០២៤ ចូលរួមក្នុងកិច្ចប្រជុំទាំង៦ ស្តីពីផែនការនិងឯកសារ ដោយទទួលបានការយល់ដឹងកាន់តែប្រសើរអំពីគម្រោង និងបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់សហគមន៍ និងភាគីពាក់ព័ន្ធក្នុងការចូលរួមសម្រេចចិត្ត និងត្រួតពិនិត្យសកម្មភាពគម្រោងរយៈពេលវែង ៕

ដោយ៖ ណយ នឿន (ប្រភព៖CI)





