អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)ផ្ទេរទ្រព្យសម្បត្តិរបស់គម្រោង «CAPFISH-Capture»ដល់ក្រសួងកសិកម្ម
AKPភ្នំពេញ ថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០២៦--សម្ភារៈ និងឧបករណ៍ប្រើប្រាស់ដែលជាទ្រព្យសម្បត្តិរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)បានផ្ទេរទ្រព្យសម្បត្តិរបស់គម្រោង «CAPFISH-Capture»ដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ក្នុងពិធីប្រគល់ និងទទួលកាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប(EU) និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) ដែលបានផ្ទេរទ្រព្យសម្បត្តិ ជូនក្រសួង ក្រោយគម្រោងត្រូវបានអនុវត្តចប់ ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តការងារប្រចាំថ្ងៃឱ្យកាន់តែប្រសេីរឡេីងមួយកម្រិតទៀត។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម នឹងបន្តថែរក្សាព្រមទាំងប្រេីប្រាស់សម្ភារៈទាំងនេះ ដើម្បីជាគុណប្រយោជន៍ដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា សំដៅចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ដោយ៖មករា





