កងពលតូចដឹកជញ្ជូនលេខ៩០ អបអរសាទរថ្ងៃ៨មីនាខួបលើកទី១១៥ទិវាសិទ្ធិនារីអន្តរជាតិ
AKP ភ្នំពេញថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ រួមជាមួយមេបញ្ជាការវរសេនាតូចនិងនាយការិយាល័យ របស់កងពលតូចដឹកជញ្ជូនលេខ៩០ បានជូនជាស្រោមសំបុត្រអនុស្សាវរីយ៍ដល់យោធិននារីនៅក្នុងអង្គភាព ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ថ្ងៃ៨មីនាទិវាសិទ្ធិនារីអន្តរជាតិក្រោមប្រធានបទ "សន្តិភាពនិងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ"ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ឈរ សុខ មានប្រសាសន៍ជាច្រើនពាក់ព័ន្ធនឹងតម្លៃរបស់ស្ត្រីនៅលើពិភពលោក ស្ត្រីគឺជាព្រះដៃមួយរយ ស្ត្រីគឺជាមាតានៃពិភពលោក។
ឯកឧត្តមក៏បានបញ្ជាក់ថា សព្វថ្ងៃនៅលើពិភពលោកយើងនេះមានស្ត្រីជាច្រើនស្ថិតក្នុងជួរថ្នាក់ដឹកនាំ រហូតមានថ្នាក់ដឹកនាំប្រទេសផងដែរ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាយើងបច្ចុប្បន្ន នៅក្នុងជួរថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គឺមានសមាសភាពស្ត្រីចូលរួមជាច្រើនជាពិសេសគឺនៅក្នុងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ គឺមានយោធិននារីជាច្រើនដែលកំពុងមានតួនាទីនិងភារកិច្ចការពារដែនអធិបតេយ្យជាតិ ការពារប្រជាជន ការពារមាតុភូមិ។

ទិវាអន្តរជាតិនារី៨មីនាយើងតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈមនឹងការលើកកម្ពស់សមត្ថភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី៕

ដោយ៖ សំ សាម៉នប្រភពបញ្ជាការដ្ឋានកងទ័ពជើងគោក





