ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកសម្ពោធទីតាំងថ្មីធនាគារ ABA សាខាក្រុងកំពង់សោម
AKP ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម ខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារទី១០ ខែមីនា ឆ្នាំ២០២៦ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងស្វាគមន៍ និងចូលរួមអបអរសាទរចំពោះពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីសាខាក្រុមហ៊ុនក្នុងស្រុកធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA (ក្រុងកំពង់សោម សង្កាត់បិតត្រាំង)នាពេលនេះ។
ព្រឹត្តិការណ៍នេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាមួយនឹងការផ្តល់នូវប្រព័ន្ធធនាគារដ៏ល្អ និងជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តសម្រាប់អតិថិជន ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងមកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឈាន ឆ្តោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុជាវិស័យអាទិភាពមួយ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅអំឡុងពេលសេដ្ឋកិច្ចជួបបញ្ហាប្រឈមនានាពីវិបត្តិខាងក្រៅ។ សុខភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា នៅតែរក្សាបាននូវភាពធន់ រឹងមាំ និងបន្តលូតលាស់ និងជឿជាក់ថា វិស័យនេះនឹងនៅតែរក្សាបាននូវកំណើនវិជ្ជមាន ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុ បានខិតខំអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរឱ្យកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាស ធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារចំណូល និងចលករជំរុញសកម្ម ភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់ ព្រមទាំងបានខិតខំថែរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អប្រសើរ សម្រាប់ផ្តល់ឱកាសដល់អ្នកវិនិយោគិនមកបណ្តាក់ទុននៅខេត្តព្រះសីហនុប្រកបដោយទំនុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ជូនពរឱ្យធនាគារវឌ្ឍនៈអាស៊ីចំកាត់ទទួលបានជោគជ័យធំធេងក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ព្រមទាំងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមការកំណត់នៃច្បាប់ ដែលជាកិច្ចការចាំបាច់ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ធ្វើឱ្យរាជរដ្ឋាភិ បាលមានលទ្ធភាពនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យជាដើម ។ល។ នៅទូទាំងប្រទេស ។

ក្នុងឱកាសនោះ លោក ព្រាព សុភាព នាយកគ្រប់គ្រងតំបន់មានដូចជា ខេត្តព្រះសីហនុ កែប ខេត្តកំពត និងកោះកុង របស់ធនាគារ ABA បានឪ្យដឹងថា ធនា គារ ABA មានចក្ខុវិស័យគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យើងដឹងហើយថា តំបន់សេដ្ឋកិច្ចពិសេសជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា ដូច្នេះយើងព្យាយាមពង្រីកខ្លួនមកដល់ទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោមដែលមានកម្មករ និយោ ជិត ដើម្បីផ្ដល់សេវាមកដល់ពួកគាត់កាន់តែមានភាពងាយស្រួល ព្រោះវិស័យធនា គារ ជាវិស័យមួយដែលបានជួយជំរុញកំណើនសេដ្ឋកិច្ច ដោយមានការគាំទ្រពីវិស័យធនាគារ យើងធ្វើយ៉ាងណានាំយកវិស័យហិរញ្ញវត្ថុរបស់យើងមកដល់កន្លែង សម្រាប់កម្មករ និយោជិកប្រើប្រាស់សេវា ហើយធនាគារ ABA នៅមិនឆ្ងាយពីកន្លែងរបស់ពួកគាត់ ។

លោក ប្រធានតំបន់របស់ធនាគារ ABA បានអគុណរដ្ឋាភិបាលរក្សាបានផ្តល់នូវសន្តិភាព សុវត្ថិភាពសម្រាប់បំរើអតិថិជន ហើយនេះជាការបើកសាខា ABA ទី៣ នៅក្នុងខេត្តព្រះសីហនុ ទី១់.នៅក្រុងព្រះសីហនុ ទី២.នៅស្រុកព្រៃនប់ និងទី៣.នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម។

លោកក៏បានថ្លែងអំណគុណចំពោះអតិថិជនដែលបានគាំទ្រប្រើប្រាស់សេវាធនាគារ ABA ហើយធនាគារនៅជាមួយអស់លោកអ្នកទាំងអស់គ្នា ហើយធនាគារ ABA នៅតែពង្រីកខ្លួនដើម្បីផ្តល់សេវាបំរើជូនដល់អតិថិជនរបស់យើងនៅគ្រប់ទីកន្លែង៕

ដោយ៖ ងូ សុមុនី





